08/07/22 09:00 AM
កណ្ដាល៖ បន្ទាប់ពីបញ្ចប់នៃការបោះឆ្នោតដោយស្ថាពរហើយក៏ឈានដល់ការរកឃើញបេក្ខភាពដែលជាប់ឆ្នោត ដោយបានទទួលនូវការស្រឡាញ់ពេញចិត្ត និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ ២០២២ កន្លងមកនេះ គ្រប់បណ្ដាររាជធានី-ខេត្តទាំងអស់ បានរៀបចំប្រកាសជាបន្តបន្ទាប់សមាសភាពជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ តាមខេត្ត-ក្រុងនីមួយ។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ នៅសាលាឃុំពញាឮ អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សា អាណត្តិទី៥ នៃរដ្ឋបាលឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរឯកឧត្តមបានមានប្រសាសន៍ថា បន្ទាប់ពីប្រកាសនូវសមាសភាពក៏ដូចជាចូលបម្រើការងារក្នុងក្របខ័ណ្ឌមន្ត្រីពេញសិទ្ធហើយនោះ មន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងបន្តខិតខំថែរក្សានូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមអភិបាលខេត្ត បន្តថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់ប្រជាពលរដ្ឋ សមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ត្រូវខិតខំផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ និងកែលម្អឥរិយាបថក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារ និយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្ដឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តកំណត់។
គូសបញ្ជាក់ថា តាមប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ ៣០៦៤ប្រក ស្ដីពីការទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាឃុំ មេឃុំ មេឃុំរង និងសមាជិកក្រុមប្រឹក្សាឃុំ នៃឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ទទួលស្គាល់សមាសភាពជាប្រធានក្រុមប្រឹក្សាឃុំ និងសមាជិកក្រុមប្រឹក្សាឃុំភ្នំបាត ដូចមានរាយនាមខាងក្រោម៖
១- លោក គង់ សុគន្ធា ជាប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំ
២- លោក ឡឹម ស៊ីម ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី១
៣- លោក យុន វុទ្ធី ជាសមាជិកក្រុមប្រឹក្សាឃុំ និងជាជំទប់ទី២
៤- លោកស្រី ជួន សារឹម ជាសមាជិកក្រុមប្រឹក្សាឃុំ
៥- លោក ទុន សុធារក្សា ជាសមាជិកក្រុមប្រឹក្សាឃុំ
៦- លោក សែម សុផល ជាសមាជិកក្រុមប្រឹក្សាឃុំ
៧- លោក ថ្លាង ភឺន ជាសមាជិកក្រុមប្រឹក្សាឃុំ
៨- លោក ជុំ សារ៉ាន់ ជាសមាជិកក្រុមប្រឹក្សាឃុំ
៩- លោក ជា មាឃ ជាសមាជិកក្រុមប្រឹក្សាឃុំ៕