អភិបាលខេត្តកំពង់ចាម ដឹកនាំដាំកូនឈើជាង ២ពាន់ដើម ក្នុងឱកាសបុណ្យរុក្ខទិវា ០៩ ខែកក្កដា ឆ្នាំ២០២២នេះ


ត្រលប់ក្រោយ

08/07/22 09:08 AM

ចំនួនទស្សនា៖

311

ប្រភព៖

កំពង់ចាម

កំពង់ចាម៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ដាំកូនឈើ ជាង ២ពាន់ដើម ដើម្បី អបអរសាទរក្នុងឱកាស រុក្ខទិវា ០៩ ខែកក្កដា នាឆ្នាំ២០២២ នេះ ។ ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម ជាអភិបាលរងខេត្ត លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងព្រះសង្ឃ តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ ផងដែរ ។ 


បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានគូសបញ្ជាក់ថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ គឺបានកំណត់យកទីតាំង នៅក្នុងបរិវេណ វត្តបភាវត្យារាមគគរ (វត្ត ប៉ាក់ភា វ៉ាក់ ត្យា រាម គគរ) ភូមិគគរ ឃុំគគរ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយមន្ទីរកសិកម្មបានជ្រើសរើសយកប្រភេទឈើល្អៗមានតម្លៃ សម្រាប់ដាំដុះ សរុបចំនួន ១.៣០០ដើម ក្នុងនោះជាប្រភេទ កូនក្រញូង បេង ធ្នង់ ឈើទាល និងកូនក្ងោក ។ ក្រៅពីនោះ យើងក៏មានកូនឈើសម្រាប់ចែកចាយ ទៅដល់មន្ទីរ អង្គភាព សាលារៀន ប្រជាពលរដ្ឋមូលដ្ឋាន ចំនួន ១.០០០ដើម ដើម្បី យកទៅដាំដុះ ផងដែរ ។


ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា ព្រៃឈើជាសម្បត្តិធម្មជាតិ ដ៏មានសារៈសំខាន់ ក្នុងការរក្សានូវលំនឹងបរិស្ថាន ដែលមានមុខងារជាច្រើន ដូចជា ៖ រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាស ផ្តល់ផល អនុផលព្រៃឈើ សម្រាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ត ចំពោះ សត្វគ្រប់ប្រភេទ ដែលមានជីវិត នៅលើភពផែនដីយើងនេះ ។ យ៉ាងណាមិញការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិផ្សេងៗ ។ ទន្ទឹមនឹងនោះ សកម្មភាព នៃការកាប់ឆ្ការ រានទន្រ្ទានយកដីព្រៃឈើ ព្រៃលិចទឹក ដើម្បី ដាំដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗ ដោយពុំអនុវត្តទៅតាមក្បួនខ្នាតបច្ចេកទេស ជាហេតុចម្បងនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ ។


ឯកឧត្ដម រំលឹកថា យើងទាំងអស់គ្នា បានជ្រាបហើយថា ពិធីទិវាដាំដើមឈើ ជាប្រពៃណីជាតិ ហៅថា រុក្ខទិវា ជាវប្បធម៌ដ៏ឧត្តុងឧត្តម កើតមានតាំងតែពីឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំ របស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃយើង ក្នុងគោលបំណងបំផុសចលនា ដាំដើមឈើ និងថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស ដើម្បី ថែរក្សាការពារ និងបណ្តុះគំនិតស្រលាញព្រៃឈើ និងបរិស្ថានធម្មជាតិ ។ ឯកឧត្ដម បន្តថា ជាទិសដៅបន្តវេន រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់តាំងប្រារព្ធពិធីនេះឡើង ជារៀងរាល់ឆ្នាំ នៅថ្ងៃទី០៩ ខែកក្កដា ។ ប៉ុន្តែ ពិធីនេះបានអាក់ខានអស់រយៈពេល ២ឆ្នាំ ដោយសារសា្ថនភាព នៃការឆ្លងរីករាលជាសាកល នៃជម្ងឺកូវីដ ១៩ ។ ផ្អែកតាមស្ថានភាពល្អប្រសើរឡើងវិញ ទើបនាឆ្នាំនេះ រុក្ខទិវា ថ្នាក់ជាតិ បានប្រារព្វឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបូរមាស ស្ថិតក្នុងភូមិសំបូរមាស ឃុំស្ទឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។


ដោយឡែក នៅខេត្តកំពង់ចាមយើងវិញ ការរៀបចំពិធីអបអរសារទរ រុក្ខទិវា នេះ បានធ្វើឡើងតាំងពីឆ្នាំ១៩៩០ មកម៉្លេះ និងបានរៀបចំ ចំនួន ២៦លើក មកហើយ គិតមកដល់ពេលនេះ ។ នាឆ្នាំនេះ ជាលើកទី២៧ ដែលបានជ្រើសរើសទីតាំងខាងលើ រៀបចំ រុក្ខទិវា ថ្នាក់ខេត្ត ដើម្បី រំលឹកនូវស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដិ នរោត្តម សីហនុ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៃយើង ដែលព្រះអង្គទាំងទ្វេរ តែងតែយកទឹកព្រះទ័យ ទុកដាក់ក្នុងការងារនេះ ជាពិសេស ដើម្បី ធ្វើឲ្យទឹកដីនៃខេត្តកំពង់ចាម គ្របដណ្តប់ដោយគម្របពណ៌បៃតង ផងដែរ ។


នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវ ចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះស្ថានសិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំដុះកូនឈើឲ្យបានច្រើនថែមទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ។ សហការរួមគ្នាបន្តការដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន ។ ចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលធ្វើចំណាកស្រុក ទៅប្រកបរបរកាប់ អារឈើ ប្រមូលផល-អនុផលព្រៃឈើ ឬប្រមាញ់សត្វព្រៃខុសច្បាប់ សូមបង្វែរនូវសកម្មភាពអវិជ្ជមានទាំងនោះ មកធ្វើការបង្កើនផលិតភាពកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ និងការងារផ្សេងៗ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួន ។ ទន្ទឹមនឹងនោះដែរ ក៏សូមអំពាវនាវដល់អង្គការជាតិ-អន្តរជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អង្គភាពពាក់ព័ន្ធ បន្តកិច្ចសហប្រតិបត្តិការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ព្រោះថា ដើមឈើដែលដុះដាល រីកចម្រើនច្រើន វាជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យ មានគម្របព្រៃឈើ ៕ សារ៉ាត 





dd
Bottom Ad