11/07/22 09:59 AM
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលស្រុករមាសហែក បានរៀបចំពិធីដាំដើមឈើ និងបំបួសដើមឈើ ស្ថិត នៅវត្តអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីអបអរសាទរក្នុងឱកាស ប្រារព្ធធ្វើបុណ្យរុក្ខទិវា (៩ កក្កដា ២០២២) ដែលឧបត្ថម្ភគាំទ្រដោយអង្គការសន្តិសេនា សហការជួយអគ្គនាយកកិច្ចការសាសនានៃក្រសួងធម្មការ និងរដ្ឋបាលស្រុករមាសហែក។
ដែលពិធីនេះធ្វើឡើងនៅវត្តអំពិល ស្ថិតក្នុងឃុំ អំពិល ស្រុករមាសហែក ក្រោមអធិបតីភាពលោកជំទាវ មហាឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ស៊ិន វណ្ណនិ អគ្គនាយកកិច្ចការសាសនាក្រសួងធម្មការ លោក ស្វាយ សុភាព អភិបាលរងស្រុករមាសហែក។
លោក ស្វាយ សុភាព អភិបាលរងស្រុករមាសហែកបានមានប្រសាសន៍ថា៖ ពិតជាមានកិត្តិយនិងមោទភាពយ៉ាងក្រៃលែងដែលបានទទួលបដិសណ្ឋារកិច្ច ព្រះរាជាគណៈ និងព្រះថេរានុថេរគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ ជាគណអធិបតី លោក លោកស្រី ដែលអញ្ជើញ ក្នុងពិធីដាំដើមឈើ និងបំបួសដើមឈើ នៅក្នុងអាវាស់វត្ដអំពិល ក៏ដូច ជានៅមណ្ឌលសិក្សាបរិស្ថានសហគមន៍ ព្រៃទំពាំងពិការ ឃុំអំពិល ស្រុករមាសហដែលកម្មវិធីនេះក្នុងគោលបំណងបង្កើនការចូលរួមការពារ និងអភិរក្សព្រៃសហគមដើម្បីទុកជាប្រយោជន៍ដល់សហគមន៍ និងប្រជាពលរដ្ឋទូទៅ ជាពិសេសគឺបានព្រះសង្ឃធ្វើវិបស្សនាកម្មឋាន និងធុតង្គរុក្ខមូលនៅក្នុងព្រៃសហគមន៍ នេះព្រមទាំងបានការសិក្សារៀនសូត្ររបស់ក្រុមយុវជននិងក្រុមកុមារក្នុងសហគមន៍ព្រៃនេះ។
ឯកឧត្ដម ស៊ិន វណ្ណនិ បានមានប្រសាសន៍អោយដឹងថា៖ ពិធីដាំដើមឈើ និងបំបួសដើមឈើនេះធ្វើឡើងដើម្បីអបអរសាទរទិវា ០៩ កក្កដា ២០២២ បានប្រារព្ធបុណ្យរុក្ខទិវានេះ បាន ធ្វើឡើងជារៀងរាល់ឆ្នាំ ដោយកំណត់យកទីតាំងវត្តអំពិល ឃុំអំពិល ស្រុករមាសហែក ខេត្ត ស្វាយរៀង (ថ្ងៃទី០៩ កក្កដា) ជាទិវាដាំកូនឈើ ដើម្បីបង្កើនព្រៃឈើរបស់យើងនៅក្នុង ស្រុករមាសហែក ក្នុងន័យទប់ស្កាត់ការបំពុលបរិស្ថាន ការកើនកម្ដៅផែនដី ខ្យល់ព្យុះ ទឹក ជំនន់ រាំងស្ងួតនិងជាទីជម្រកសម្រាប់សត្វ ផង។
ឯកឧត្តមបានមានបន្តទៀតថា៖មិនតែប៉ុណ្ណោះព្រៃឈើមានតួនាទីសំខាន់ ក្នុងការជួយថែរក្សាដំណើរការប្រព័ន្ធអេកូឡូស៊ី តាមរយៈការជួយធ្វើនិយ័តកម្មអាកាសធាតុ និងជួយកាត់បន្ថយឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុ ដូចជាទឹកជំនន់ និង ស្រូបយកឧស្ម័នកាបូនិចពីបរិយាកាស។
ឯកឧត្តម ស៊ិន វណ្ណនិ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលបានកំពុងបន្តកាប់បំផ្លាញព្រៃឈើ ការកាប់ ទន្ទ្រានព្រៃឈើយកដីត្រូវធ្វើការបញ្ឈប់ជាបន្ទាន់ ជំនួញដីព្រៃសហគមន៍ខុសច្បាប់ ដែលជា បទល្មើសដ៏ធ្ងន់ធ្ងរ ព្រោះវាជាគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិនានា ដែលបណ្ដាលពី ការកាប់បំផ្លាញព្រៃឈើ បុណ្យរុក្ខទិវានេះ ក៏ជាសកម្មភាពមួយប្រកបដោយគុណធម៌ របស់មនុស្សជាតិ ក្នុងបុព្វហេតុការពារ និងថែរក្សានិរន្តរ៍ភាពនៃភពផែនដី ដើម្បីឲ្យមនុស្ស បានរួចផុតពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយពីធម្មជាតិ និងសូមអោយនៅតាមទីវត្តអារាមទាំងអស់សូមបំផុសស្មារតី ក្នុងការដាំដុះដើមឈើក្នុងទីធ្លាវត្តអោយបានច្រើននិងថែរក្សាការពារ ព្រៃឈើ ដើម្បីបរិស្ថានធម្មជាតិល្អ។
សូមបញ្ជាក់ថា បុណ្យ«រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះ រាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដិ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងឱ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាសម្បត្តិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិត ស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស៕ ដោយ:PK