11/07/22 10:08 AM
បន្ទាយមានជ័យ៖ ក្នុងឱកាសពិធីបុណ្យជាតិធំៗក្នុងឆ្នាំ ២០២២នេះ ទណ្ឌិតចំនួន៥៩នាក់ ដែលជាប់ក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានព្រះមហាក្សត្រ បានធ្វើការបន្ធូបន្ថយទោស ពី៣ខែ ៦ខែ ៩ខែ និងដោះលែងស្រី១នាក់ផុតកំណត់ទោស ការលើកលែងនិងបន្ធូបន្ថយទោសនេះប្រព្រឹតទៅក្រោមអធិបតីភាពលោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសាលប្រជុំពន្ធនាគារខេត្តស្ថិតក្នុងភូមិទំនុបជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានឡើងអានរបាយការណ៍អោយដឹងថា៖ក្នុងពន្ធគារខេត្តបន្ទាយមានជ័យ ជនជាប់ឃុំ ជាក់ស្តែងមានចំនួនសរុបចំនួន១.៧០១នាក់ ក្នុងនោះស្រីមានចំនួន១១៧នាក់។ជនដែលត្រូវបន្ធូបន្ថយទោសបាប់ពី៣ខែមានចំនួន៤៤នាក់ ស្រី៥នាក់ ជនលើកលែងទោសពី៦ខែ មានចំនួន១១នាក់ ស្រីគ្មាន បន្ធូបន្ថយទោស៩ខែមានចំនួន៤នាក់ ស្រីគ្មាន ក្នុងនោះមានការដោះលែង១នាក់ស្រីផុតកំណត់ទោស។
លោកឧត្តមអគានុរក្សថ្នាក់លេខ២ បានបញ្ជាក់ថា៖ នៅក្នុងពន្ធនាគារមានជនត្រូវចោទមានចំនួន២១៩នាក់ ស្រី១៨នាក់ ជនជាប់ចោទមានចំនួន២៥៩នាក់ ស្រី១៦នាក់ ពិរុទ្ធជនមានចំនួន៨០៦នាក់ ស្រី៥៤នាក់ ទណ្ឌិតមានចំនួន៤១៧នាក់ ស្រី២៩នាក់ ចាប់ចូលថ្មីមេខ្យល់មានចំនួន១១៧នាក់ ស្រី១១នាក់ កុមារតាមម្តាយ មានចំនួន ១៣នាក់ ស្រី៨នាក់ ស្រីមានផ្ទៃពោះ១នាក់។ក្នុងនោះមានជនបរទេសចំនួន៦៤នាក់ស្រី១២នាក់ មានជនជាតិថៃ ៤៨នាក់ ជនជាតិវៀតណាម៣នាក់ បទល្មើសភាគច្រើនគឺគ្រឿងញៀន។
លោកឧត្តមអគានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានបញ្ជាក់បន្ថែទៀតថា៖ ពន្ធនាគារខេត្តបន្ទាយមានជ័យបានអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួនដូចជាការអប់រំកែប្រែស្ដារនិតិសម្បទា ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងពន្ធនាគារ ការងារកសិកម្ម សិប្បកម្ម ការអភិវឌ្ឍន៍ធនធានមនុស្ស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ក្រៅពីនេះអង្គភាពមានប៉ុស្តិ៍សុខភាពមួយខ្នងដែលគ្រប់គ្រងដោយអង្គភាពផ្ទាល់នឹងមានផ្នែកសុខាភិបាលជាអ្នកទទួលខុសត្រូវផងដែរ។
ជាមួយគ្នានោះដែរ អង្គភាពបានយកចិត្តទុកដាក់លើគោលនយោបាយកំណែទម្រង់ពន្ធនាគារគឺការអប់រំកែប្រែនិងស្ដានីតិសម្បទាដល់ជនជាប់ឃុំដែលមានអប់រំផ្លូវចិត្តរៀនអក្សរខ្មែរ គ្រប់ចំណេះដឹង ចំណុចនេះអង្គភាពបានយកចិត្តទុកដាក់ធ្វើការបែងចែកចំណាច់ថ្នាក់សន្តិសុខដែលជាមូលដ្ឋានសម្រាប់ស្មើសុំបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិតស្របតាមនីតិវិធីច្បាប់។ ជាពិសេសជនជាប់ឃុំទាំងអស់ត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលវិជ្ជាជីវៈជូនដល់គាត់មានដូចជា រៀនកាត់ដេរ រៀនជួសជុលគ្រឿងអេឡិតត្រួនិច រៀនជួសជុលម៉ួតូ រៀនភ្លេងសម័យ រៀនកាត់សក់ រៀនអក្សរខ្មែរជាដើមក្នុងនោះជនជាប់ឃុំត្រូវបានបន្ធូបន្ថយទោសលើកលែងទោសក្នុង១ឆ្នាំមានចំនួន៣លើក។
ថ្លែងនាឱកាសនោះលោក គឹង វណ្ណៈ អភិបានរងខេត្ត បន្ទាយមានជ័យ បានធ្វើការផ្តាំផ្ញើដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីចេញមកវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ជៀសវាងនូវអំពើអបាយមុខនានាដែលសង្គមស្អប់ខ្ពើម ទើបអាចរស់នៅក្នុងសង្គមបានស្រួលនិងបានសេចក្តីសុខទាំងខ្លួនឯងផ្ទាល់និងក្រុមគ្រួសារផងដែរ ៕ ណុប-រក្សា(២៩០១៦)