11/07/22 16:34 PM
កំពង់ចាម៖ នាព្រឹកថ្ងៃទី១១ ខែកក្តដា ឆ្នាំ២០២២ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) ខេត្តកំពង់ចាម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ដោយមានរថយន្តពិសោធន៍ចល័ត១គ្រឿង បានចុះពិនិត្យ សុវត្តិភាពចំនីអាហារនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ស្ពឺ ស្រុកចំការលើដែលជាប់ពាក់ព័ន្ធករណីសិស្សក្នុងសាលាបានដួលសន្លប់ចំនួន១៦នាក់ កាលពីថ្ងៃទី៥ ខែកក្តដា ឆ្នាំ២០២២កន្លងទៅ។
ក្រុមការងារបានប្រមូលយកចំនីអាហារ និងភេសជ្ជៈដែលបានដាក់លក់ក្នុងវិទ្យាល័យ មកពិសោធន៍នៅរថយន្តពិសោធន៍ចល័តរបស់ អគ្គនាយកដ្ឋាន ក.ប.ប រួមមាន៖ ទឹកសណ្តែកខៀវចំនួន ០១ ថង់, ទឹកល្ពៅ ០១ថង់, ទឹកផាសិន ០១ថង់, ទឹកដោះគោលាយគ្រាប់ជី ១ថង់, ជ្រក់បន្លែគ្រប់មុខ ០១ថង់, ម្ទេសឆា ០១ថង់, ដំណាប់សារាយ ០១ថង់, ចាហួយត្រី ០១ថង់, ចាហួយកន្ទឹម ០១ថង់, ដំណាប់ល្ហុង ០១ថង់, ស្ករគ្រាប់ សរុប ១១គំរូ រួមទាំងទឹកអណ្តូងចំនួន ០២គំរូទៀត។
=>ជាលទ្ធផលក្រោយការពិសោធន៍ឃើញថា ជ្រក់បន្លែគ្រប់មុខ, ម្ទេសឆា, ដំណាប់សារាយ, ចាហួយត្រី, ចាហួយកន្ទឹម, ដំណាប់ល្ហុង, និងស្ករគ្រាប់ មិនមានសារធាតុគីមីហាមឃាត់ធ្វើឲ្យប៉ះពាល់សុខភាពនោះទេ។ ចំណែកសំណាកចំនួន ០៦គំរូទៀត រួមមាន៖ ទឹកល្ពៅ, ទឹកសណ្តែកខៀវ, ទឹកផាសិន, ទឹកដោះគោលាយគ្រាប់ជី, និងទឹកអណ្តូងចំនួន ២កន្លែង(ចាស់១ ថ្មី១) ត្រូវបានបញ្ជូនទៅមន្ទីរពិសោធន៍ នៅអគ្គនាយកដ្ឋាន ក. ប .ប ភ្នំពេញដើម្បីធ្វើការវិនិច្ឆ័យបន្ត ហើយនឹងផ្តល់លទ្ធផលនៅពេលក្រោយ។
ជាមួយនេះដែរក្រុមការងារ បានណែនាំដល់អាជីវករ ដែលលក់ចំណីអាហារនៅក្នុងវិទ្យាល័យទាំងអស់ ត្រូវលក់ចំនីអាហារ ណាដែលមានស្លាកសញ្ញាត្រឹមត្រូវ មានកាលបរិច្ឆេទប្រើប្រាស់ច្បាស់លាស់ ប្រកបដោយអនាម័យ ហើយត្រូវចេះរៀបចំសម្ភារៈប្រើប្រាស់ និងសំអាតអោយមានអនាម័យ ជៀសវាងធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។