13/07/22 10:16 AM
ព្រះសីហនុ៖ មួយរយៈចុងក្រោយនេះប្រទេសកម្ពុជាគឺមានភ្លៀងធ្លាក់នៅទូទាំងប្រទេសតែម្តង ដោយកន្លែងខ្លះមានភ្លៀងធ្លាក់ជាធម្មតា ប៉ុន្តែកន្លែងខ្លះមានភ្លៀងធ្លាក់ជោគជាំ ទើបធ្វើឲ្យតំបន់មួយចំនួនមានការជន់លិចទឹកភ្លៀងផងដែរ។ ក្នុងនោះនៅលើផ្លូវជាតិលេខ ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១១៥-១១៦ ក៏មានការជនលិចទឹកភ្លៀងឆ្លងកាត់ផ្លូវជាតិលេខ ៤ ដែរ។
ដោយស្ថានភាពបែបនេះ រដ្ឋបាលខេត្តព្រះសីហនុ ចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកចរាចរបណ្តោះអាសន្ន នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
នៅក្នុងសេចក្តីជូនដំណឹងនោះមានខ្លឹមសារថា សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ដែលមានបំណងធ្វើដំណើរពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ សូមបង្វែរទិសដោយធ្វើដំណើរតាមផ្លូវជាតិលេខ៣ (វាលរេញ-កំពត-ភ្នំពេញ)។ ដោយសារស្ថានភាពជំនន់ទឹកភ្លៀង នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង ចន្លោះគីឡូម៉ែត្រលេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា បិទផ្លូវ ផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន។
រដ្ឋបាលខេត្តព្រះសីហនុ សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណ ជន ឱ្យបានជ្រាបថា៖ មកដល់ម៉ោង ៤:០០នាទីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់ទឹកភ្លៀងបាន កើនឡើងជាលំដាប់ ហើយបានជន់លិចទាំងស្រុងកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ស្ថានភាពបែបនេះមិនអាចអនុញ្ញាឱ្យ យានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ទីតាំងនោះបានទៀតទេ។
ដូចនេះដើម្បីការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីថែរក្សាគុណភាពផ្លូវ ស្ពាន កុំឱ្យ មានការបាក់ស្រុត ធានាប្រើប្រាស់បានយូរអង្វែង រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកចរាចរបណ្តោះ អាសន្នចំពោះយានយន្តគ្រប់ប្រភេទ ត្រង់ចំណុចគីឡូម៉ែត្រ លេខ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរ បាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ចាប់ពីម៉ោង ១៧:០០នាទីល្ងាច ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
គួរបញ្ជាក់ផងដែរថា អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត និងសាធារណជន មេត្តាជ្រាប ហើយសូមមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមសហការជាមួយរំជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។ ពិសេសសូមចូលរួមអនុវត្តន៍និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីរួមគ្នាកាត់បន្ថយថ្នាក់ចរាចរណ៍នៅកម្ពុជា និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះស្ថានភាពបែបនេះគ្រប់បណ្ដាលផ្លូវចេញផ្សេងទៀត៕ អត្ថបទ: ប្រសិទ្ធ