13/07/22 10:35 AM
បន្ទាយមានជ័យ៖ នគរបាល០២ខេត្តបានអនុវត្តដីការបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ ដោយចាប់ឃាត់អ្នកកាសែតម្នាក់ដែលគេចខ្លួនពីខេត្តកំពង់ធំ ទៅស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបទចោទកំហែងយក ខណ:បុគ្គលនេះបន្តប្រព្រឹត្តបទល្មើសនេះដដែលៗ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងលោកឧត្តមសេនីយ៍ទោម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ឲ្យដឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងនគរបាលខេត្តទាំង០២ពិតជាសហការចាប់និងនាំខ្លួនឈ្មោះ ហ៊ាង លីហាក់ ភេទប្រុសអាយុ៥២ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នោះមែនកាលពីម៉ង៨យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ហើយការឃាត់ខ្លួននេះគឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៦៣ អនខ/២២ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ របស់លោកអែម សុទ្ធសច្ចា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ យោងសំណុំរឿងព្រហ្មទ័ណ្ឌលេខ៦៧៤ចុះថ្ងៃទី២០ខែតុលាឆ្នាំ២០២១ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ,ដីការបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៤៤អក/២០២២ ចុះថ្ងៃទី០៩ខែមីនាឆ្នាំ២០២២ និងសំណុំរឿងស៊ើបសួរលេខ១៥៧ចុះថ្ងៃទី២៣ខែមីនាឆ្នាំ២០២២ របស់សាលាដំបូងខេត្តកំពង់ធំ បានយល់ឃើញថា ឈ្មោះហ៊ាង លីហាក់ មានអត្តសញ្ញាណដូចខាងលើ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ :"កំហែងយក".ប្រព្រឹត្តនៅចំណុចភូមិអូរពកសាមគ្គីឃុំមានរឹទ្ធស្រុកសណ្តាន់ខេត្តកំពង់ធំ អំឡុងឆ្នាំ២០២០ កន្លងមក បទល្មើសព្រហ្មទ័ណ្ឌមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣និង៣៦៤ នៃក្រមព្រហ្មទ័ណ្ឌឆ្នាំ២០០៩ ។បទចោទនេះ បើយោងព័ត៌មានពីខេត្តកំពង់ធំឲ្យដឹងថា៖គឺទាក់ទិននឹងបណ្តឹងរបស់ឈ្មួញរកស៊ីឈើនិងមន្ត្រីបរិស្ថាន ដែលប្តឹងពីការជំរេងទារប្រាក់(កំហែងយក) ។
ចំណែកមន្ត្រីនគរបាលព្រហ្មទ័ណ្ឌកំរិតស្រាល ខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែត បានស្រង់ចម្លើយរបស់ឈ្មោះហ៊ាង លីហាក់ បានឆ្លើយសារភាពថា គេបានចេញពីខេត្តកំពង់ធំមកក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យពីជាង១០ថ្ងៃមុន ក្នុងអំឡុងខែមិថុនា ទៅស្នាក់នៅបន្ទប់នៃផ្ទះសំណាក់ប៉ូប៉ូ ក្នុងក្រុងប៉យប៉ែត គោលបំណងគេចខ្លួនពីដីកាតុលាការ ឲ្យហួសពីសុពលភាពសិន ហើយរង់ចាំឲ្យមេធាវីចូលទៅធ្វើការជំនួស ។ តែពេលនេះ ត្រូវចាប់ខ្លួនទៅ ។
យោងប្រភពព័ត៌មាននានានិងពីសមត្ថកិច្ចឲ្យដឹងថា៖ក្នុងអំឡុងថាគេចខ្លួនទៅនៅក្រុងប៉ោយប៉ែតនោះ ឈ្មោះនេះ មិនបានសម្ងំលាក់ខ្លួនអ្វីទេ ។ប៉ុន្តែថែមទាំងបានចេញធ្វើដំណើរសកម្មភាពផ្សេងៗជាធម្មតា រួមទាំងទាក់ទិននឹងយកព័ត៌មាន ដែលមានលាយឡំនឹងប្រព្រឹត្តបទកំហែងយកថ្មីៗជាច្រើនករណីទៀតនៅខេត្តបន្ទាយមានជ័យជាដើម ។
ក្នុងនោះ យោងបណ្តឹងរបស់លោកប្រធានមន្ទីរធម្មការនិងកិច្ចសាសនាខេត្តបន្ទាយមានជ័យឲ្យដឹងថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២២នេះ លោកក៏រងនូវការកំហែងយកពីឈ្មោះហ៊ាង លីហាក់ រហស្សនាម"ជលសារ"នេះដែរ ដោយភ្ជាប់លោកទៅនឹងការបង្កើតនិងប្រឌិតរឿងរ៉ាវមួយចំនួន ។
លោកបន្តថា៖ឈ្មោះនេះបានប្រើប្រាសប្រព័ន្ធលេខទូរស័ព្ទមួយចំនួន រួមទាំងបណ្តាញសង្គមហ្វេសប៊ុក( Messenger),Telegram ដើម្បីសួរលោករបៀបសួរចម្លើយនិងទាមទារ មិនមែនសួររបៀបសម្ភាសន៍បំភ្លឺព័ត៌មានឡើយ ។គឺឈ្មោះហ៊ាង លីហាក់ ថា ជាចាងហ្វាង ,ជាអ្នកសាព័ត៌មានដូចជា ឆៃវីរ:យុទ្ធ, និងប្តូរឈ្មោះទៅថ្មីៗជាច្រើនទៀត ព្រមទាំងបណ្តាញសង្គមដាក់ឈ្មោះស្វែងរកការពិតក្នុងសង្គម, លីហាក់ ហ៊ាង,ចំរើន រឹទ្ធ,មេបញ្ជាការ ជាដើម ។ ក្នុងនោះសាម៉ីខ្លួនរូបនេះ ក៏ភ្ជាប់ខ្លួនទៅអង្គភាពរដ្ឋ មន្ត្រីនិងអង្គភាពសមាគមអ្នកសារព័ត៌មានមួយទៀតផងដែរ ។
ករណីចោទប្រកាន់ដូចខាងលើ ឈ្មោះហ៊ាង លីហាក់ បានឆ្លើយប្រាប់សមត្ថកិច្ចនគរបាល ដោយទទួលស្គាល់បទប្រព្រឹត្តល្មើសមួយចំនួន និងបដិសេធមួយចំនួន ។ពោលគឺឈ្មោះនេះឆ្លើយដូច្នេះ ខណ:កម្លាំងនគរបាលនៃខេត្តទាំង០២ខាងលើបានផ្ទេរ ប្រគល់លោកពីស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីបញ្ជូនបន្តទៅសាលាដំបូងខេត្តកំពង់ធំកាលពីថ្ងៃត្រង់ថ្ងៃទី១២ខែកក្កដានេះ ៕ណុប-រក្សា(២៩០១៦)