កម្លាំងសមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​ផលិត​ និង​ជួញដូរ​គ្រឿងញៀន​ ដ៏​​ធំ​មួយកន្លែង នៅក្រុង​ស្វាយ​រៀង ដោយរឹបអូស​វត្ថុ​តាង​សង្ស័យ​គ្រឿងញៀន​ ជាង​១​តោន


ត្រលប់ក្រោយ

13/07/22 14:57 PM

ចំនួនទស្សនា៖

309

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង)៖ កម្លាំងសមត្ថកិច្ច​ចម្រុះ ចុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​ផលិត​ និង​ជួញដូរ​គ្រឿងញៀន​ដ៏​​ធំ​មួយកន្លែង នៅ​ក្នុង​ក្រុង​ស្វាយ​រៀង ដោយ​ចាប់​រឹបអូស​វត្ថុ​តាង​សង្ស័យ​គ្រឿងញៀន​ ជាង​១​តោន និង​ឃ្លាំង​ផលិត​គ្រឿង​ញៀន​ ១​កន្លែង ។ ករណី​នេះ គឺ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​សមត្ថកិច្ច​ផ្សេង​ទៀត​បាន​សហការ​​ឡោម​ព័ទ្ធ និង​បង្ក្រាប​តាំងពី​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ស​ប្ដា​ហ៍​មុន​មក​ម្ល៉េះ មិន​ទាន់​ចប់​នៅឡើយ​ទេ ។ 


កិច្ចប្រតិបត្តិ​ការ​ខាងលើ​នេះ ដឹកនាំដោយកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ និងសហការ​ចូលរួមមាន​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​​អម​សាលាដំបូង​ខេត្តស្វាយរៀង​ ជា​ម្ចាស់​ទឹកដី ចុះ​ពិនិត្យ​ឃ្លាំង​មួយ​កន្លែង ដែល​មាន​ស្លាក​យីហោ​ «​ម៉ាស៊ីនកិ​នស្រូវ​តូច​តែ​ពេជ្រ​» ដែល​មាន​ទីតាំង​ជាប់​ផ្លូវជាតិ​លេខ​១ ស្ថិត​នៅ​ភូមិ​ស្វាយ សង្កាត់​​ចេក ក្រុង​ស្វាយ​រៀង បាន​រក​ឃើញ​គ្រឿងញៀន​ ដែល​ផលិត​សម្រេច​ជាង​១​តោន ។


ការ​ចុះ​បង្ក្រាប​នៅ​វេលា​ម៉ោង៨:៣០នាទី​យប់ ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ នៅ​ចំណុច​"ឃ្លាំង​រោង​ម៉ាស៊ីនកិនស្រូវ តូច​តែ​ពេជ្រ" រក​ឃើញ​​វត្ថុ​តាង​សង្ស័យ​គ្រឿងញៀន​ប្រមាណ​ ជាង​១​តោន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៧​នាក់ ។ ក្រោយ​ពី​ធ្វើការ​សាកសួរ​ចម្លើយ​លើ​ជនសង្ស័យ ទើប​ឈាន​ដល់កំណត់​ទីតាំង​ឃ្លាំង​ផលិត​គ្រឿងញៀន​ដ៏​ធំ​មួយ​កន្លែង​ទៀត ។


លុះដល់វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​ចម្រុះ សម្របសម្រួល​ដោយ​លោក​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង ចុះ​ទៅ​ឆែកឆេរ​ឃ្លាំង​មួយ​កន្លែង​នៅ​ជិត​ចំណត​កាណូត​ចាស់ ស្ថិត​នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង លទ្ធផល​រក​ឃើញ​វត្ថុ​តតាង ម៉ាស៊ីន​គ្រឿងចក្រ​ស្វ័យប្រវត្តិ សម្រាប់​ផលិត​គ្រឿងញៀន​ដ៏​ធំ​ កំពុង​ដំណើរការ​យ៉ាង​សកម្ម​ផលិត​គ្រឿងញៀន និង​បុគ្គលិក វិស្វករ​ផលិត​គ្រឿងញៀន ជនជាតិ​ចិន​ចំនួន​៧​នាក់ និង​បុគ្គលិក​ជន​ជាតិ​ខ្មែរ​ចំនួន​៥​នាក់ ។


ចំពោះករណី​នេះ​ដែរ ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរងខេត្តស្វាយរៀង និង​ជា​ប្រធាន​លេខាធិការដ្ឋាន​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បបានប្រាប់អោយភ្នាក់ងារយកព័ត៍មានយើងដឹងថា: ករណី​នេះ ម្ចាស់​សំណុំរឿង គឺ​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ ជា​អ្នកគ្រប់គ្រង ដូច្នេះ​សូម​រង់ចាំ​ខាង​​ក្រសួង​ផ្តល់​ព័ត៌មាន និង​របាយការណ៍​លទ្ធផល​លម្អិត ទើបជម្រាបជូនតាមក្រោយ ។

សូមបញ្ជាក់ផងដែរថា: ចាប់តាំងពីថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ​២០២២​នេះ ភ្នាក់ងារយកព័ត៌មានយើងពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​អំពី​លទ្ធផល​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀននៅឡើយ​ទេ ដោយ​សមត្ថកិច្ច​ដាក់​កម្លាំង​យាមកាម​ទីតាំង​ទាំង​ពីរ​ខាងលើ​យ៉ាង​យកចិត្តទុក​ដាក់បំផុត។


ចំណែក​ព័ត៌មាន​នៅ​ទីនោះ​ គ្រាន់តែ​បង្ហើប​ឲ្យ​ដឹង​ថា ក្រុមការងារ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​​ប្រមាញ់​មេខ្លោង និង​បក្សពួក​ក្រុម​ឧក្រិដ្ឋជន​ផលិត និង​ជួញដូរ​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់​នេះ៕ ដោយ:PK



dd
Bottom Ad