13/07/22 15:15 PM
(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិតនិងលោក វណ្ណ សុមុន្នី អភិបាលរង រួមនិងមន្ត្រីអមដំណើរនៅព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ២០២២ នេះបាននាំយកនូវទៀនវស្សា និងទេយ្យទានចំនួន យកទៅ ប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុង វត្ត ចំនួន ២ គឺវត្ត ប្រាសាទនិងវត្តពោធិ៍រង្សី ស្ថិតក្នុងសង្កាត់ប្រាសាទក្រុងបាវិតខេត្តស្វាយរៀង ។
ក្នុងឱកាសនោះលោក លឹម សៀងហេង ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។
លោកអភិបាលក្រុងក៏បានមានប្រសាសន៍ដោយបានលើកឡើងថាៈ ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ ។ លោកក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេស កម្ពុជានៅមានអ្នកផ្ទុកមេរោគកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះបានជាសះស្បើយជាបន្តបន្ទាប់ ។
ហេតុនេះយើងត្រូវប្រុងប្រយ័ត្ន ខ្ពស់បន្ថែមទៀតក្នុងការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាលជាប់ជានិច្ច ពីព្រោះជំងឺឆ្លងកូវិដ ១៩ មិនទាន់រលាយ បាត់ពីផែនដីនៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិត ភ្លាមៗផងដែរ (យើងភ្លេចកូវីដ ១៩ ប៉ុន្តែកូវីដ ១៩ មិនភ្លេចយើងនោះទេ) ។
លោក លឹម សៀងហេង ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ។
ចំពោះទេយ្យវត្ថុ ដែលបានចូលបុណ្យរួមមាន បច្ច័យចូលបុណ្យទាំង២វត្ត ក្នុងមួយវត្តចំនួន ១.២០០.០០០រៀល ប្រគេនព្រះសង្ឃចំនួន១៨អង្គក្នុងមួយអង្គបច្ច័យ៣មុឺនរៀលផងដែរ ៕ ដោយ:PK