19/07/22 10:34 AM
កំពង់ចាម៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងផ្លូវព្រះពុទ្ឋសាសនា នាឱកាសរដូវចូលព្រះវស្សាឆ្នាំ២០២២ នេះ នៅព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា ព្រមទាំងឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្ត បបាននាំយក ទេយ្យទាន និងទៀនចំណាំព្រះវស្សា ប្រគេនទដល់វត្តចំនួន ៤ ស្ថិតនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺ ÷ វត្ត ខេមវ័ន បឹងស្នាយ វត្តបុទុមរតនដីដុះ វត្តសុទស្សនារាម ជ្រោយថ្ម និងវត្តជោតនារាម បឹងកុក ដោយក្នុង ១វត្ត មានទៀនវស្សា ១គូ អង្ករចំនួន ១៥០គក្រ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ត្រីខ ១កេស ទឹកត្រី ៥យួរ ទឹកស៊ីអ៊ីវ ៥យួរ មី ១កេសធំ ទឹកដោះគោ ១កេសធំ ស្កសរ ៥គក្រ តែ ៥គក្រ និងបច្ច័យ ១លានរៀល ។ ក្រៅពីនោះ ប្រគេនព្រះសង្ឃចំនួន ៧អង្គ ក្នុង ១អង្គ ទេយ្យវត្ថុ ១ និងបច្ច័យ ២០០ ០០០រៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្រ្តក ។
ក្នុងឱកាសនោះ ឯកឧត្តម ខ្លូត ផន ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ ព្រមទាំង ក្រុមការងារ បានអុជធូបថ្វាយបង្គំព្រះរតនត្រ័យ និងវេរប្រគេនទានព្រះវស្សា និងទ័យវត្ថុ ដល់ព្រះសង្ឃ ទៅតាមកិច្ចសាសនា ដោយបានឧទ្ទិសបួងសួង សុំឲ្យវត្ថុសក្តិសិទ្ឋិ សូមជួយថែរក្សាប្រទេសកម្ពុជា ឲ្យមានភាពរីកចំរើន មានសន្តិភាព គង់វង្សជានិរន្តរ៍តរៀងទៅអនាគត ។
បន្ទាប់មកព្រះសង្ឃ ក៏បានធ្វើបទនមសក្ការប្រោះព្រំឲ្យពរឲ្យជ័យ សេរីសួស្តី ជ័យមង្គលជូនដល់ ឯកឧត្តម លោកជំទាវ និងលោក លោកស្រី ពុទ្ធបរិស័ទ ពិសេស បានឧទ្ទិសកុសលដល់បុព្វការីជន មានមាតា បិតា ជីដូនជីតា ញាតិ្តការទាំង ៧សណ្ដាន ព្រមទាំង ឧទ្ទិសបុណ្យកុសលដល់វីរៈយុទ្ឋជន យុទ្ឋនារី ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិ មាតុភូមិ ផងដែរ ។
គួរកត់សម្គាល់ដែរថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ឋសាសនា ក្នុង ១ឆ្នាំ ព្រះសង្ឃត្រូវគង់ចាំព្រះវស្សាចំនួន ៣ខែ ក្នុងទីវត្តអារាម គឺ ចាប់ពីថ្ងៃទី១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ដោយមិនអាចនិមន្តបិណ្ឌបាតទៅទីណាឡើយ ។ ហេតុដូចនេះហើយ ទើបពុទ្ធបរិស័ទដែលមានសទ្ឋាជ្រះថ្លាក្នុងព្រះពុទ្ឋសាសនា តែងប្រគេនទានព្រះវស្សា និងទ័យវត្ថុផ្សេងៗ ទៅកាន់ទីវត្តអារាម ដើម្បី ព្រះសង្ឃបានអុជបំភ្លឺ និងមានចង្ហាន់ របស់របរប្រើប្រាស់ ក្នុងកំឡុងពេលកាន់ព្រះវស្សា ៣ខែ នេះ ។ សូមបន្ថែមដែរថា បើតាមជំនឿ អានិសង្ឃ នៃអ្នកដែលបានប្រគេនទានព្រះវស្សា គឺបានបុណ្យច្រើនណាស់ ដូចជានឹងបានជាមនុស្សដែលមានរូបកាយ ពណ៌សម្បុរល្អ ចិត្តល្អ និងមានទ្រព្យធន មិនខ្វះ។ល។ ៕