ប្រជាពលរដ្ឋរងគ្រោះដោយស្រុតច្រាំងព្រែក ចំនួន ០៥ គ្រួសារ នៅឃុំសំបួរមាស ស្រុកមុខកំពូល ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល


ត្រលប់ក្រោយ

20/07/22 09:45 AM

ចំនួនទស្សនា៖

246

ប្រភព៖

កណ្តាល

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងប្រតិភូសាខា ដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយស្រុកច្រាំងព្រែក ក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ចំនួន ០៥ គ្រួសារ។  


មានប្រសាសន៍ទៅកាន់គ្រួសាររងគ្រោះទាំង ០៥ គ្រួសារ ដោយក្ដីអាណិតអាសូរ លោក ទៀង សុគន្ធ នាយកសាខា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក អាណិតអាសូរ និងសោកស្ដាយជាទីបំផុត។ 


លោកនាយកសាខា បានបន្តថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។ 


ទន្ទឹមនឹងនោះលោកនាយកសាខា បានសម្ដែងនូវការសោកស្ដាយ ចំពោះគ្រួសាររងគ្រោះទាំង ០៥ គ្រួសារ ដែលរងគ្រោះដោយគ្រោះធម្មជាតិស្រុតច្រាំងព្រែក ដែលយើងគ្រប់គ្នាមិនបានដឹងមុន និងមិនចង់អោយកើតមានឡើងទាល់តែសោះ ដូចនេះសូមឱ្យគ្រួសាររងគ្រោះទាំង ០៥ គ្រួសារ កាត់ចិត្ត ព្រោះរឿងទាំងអស់នេះវាបានកើតឡើងរួចទៅហើយ ហើយក៏សូមឱ្យបន្តតខិតខំប្រកបរបរចិញ្ចឹមជីវិតបន្តទៀត។

 

សូមបញ្ជាក់ផងដែរថា នៅវេលាល្ងាច ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ មានខ្យល់និងភ្លៀងមួយមេធំ បណ្ដាលឱ្យទឹកហូរច្រោះ ធ្វើឱ្យផ្ទះប្រជាពលរដ្ឋចំនួន ០៥ គ្រួសារ ក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល រងការស្រុត។

 

ជំនួយសង្គ្រោះជាសម្ភារ ដែលសាខាបានផ្ដល់ជូនក្នុង១គ្រួសាររួមមាន៖ អង្ករ ២៥គីឡូក្រាម ,មីខ្លាឃ្មុំ ១កេស ,ទឹកត្រី ១យួរ ,ទឹកស៊ីអុីវ ១យួរ ,ត្រីខ ១យួរ ,ទឹកសុទ្ធ ១កេស ,ជែលលាងដៃ ១ដប ,ម៉ាស ១ប្រអប់ ,តង់កៅស៊ូ ១ផ្ទាំង និងថវិកា៤០ម៉ឺនរៀល។



dd
Bottom Ad