20/07/22 13:20 PM
កំពង់ចាម៖ បន្ទាប់ពីអាជ្ញាធរ បានដាក់មន្ត្រីជំនាញជាច្រើននាក់ ប្រចាំការ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បី តាមដានមើលពីសកម្មភាពរបស់ក្រុមហ៊ុនអាជីវកម្មបូមខ្សាច់ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត រួមដំណើរជាមួយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយ មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ ដើម្បី ពិនិត្យមើលសកម្មភាពបូមខ្សាច់ របស់ក្រុមហ៊ុននីមួយៗ ដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់ នៅចំណុចភូមិមាន់ដប់ ឃុំមានជ័យ ស្រុកស្រីសន្ធរ ។
បើតាមការបញ្ជាក់ របស់អាជ្ញាធរស្រុកស្រីសន្ធរ ឲ្យដឹងថា ការចុះពិនិត្យនេះ ដើម្បី ឲ្យដឹងថា ក្រុមហ៊ុនដែលធ្វើអាជីវកម្ម នៅក្នុងចំណុចខាងលើនេះ ធ្វើត្រឹមត្រូវទៅតាមការកំណត់របស់ក្រសួងរ៉ែ និងថាមពល ដែរ ឬទេ? ពីព្រោះថា នាពេលកន្លងមក ឯកឧត្ដម អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យមន្ត្រីក្រោមឱវាទជាច្រើននាក់ ចាំត្រួតពិនិត្យ ធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់នោះ គោរពតាមច្បាប់ ដូចអ្វីដែលក្រសួងរ៉ែ និងថាមពល បានផ្ដល់អាជ្ញាប័ណ្ណជូននោះ ។
ជាមួយគ្នានោះដែរ លោក លី ចាន់ធី ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងដែរថា បច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ១២ ទទួលអាជ្ញាប័ណ្ណពីក្រសួងរ៉ែ និងថាមពល ហើយកំពុងតែធ្វើអាជីវកម្មបូមខ្សាច់ នៅក្នុងឃុំមានជ័យ នៃស្រុកស្រីសន្ធរ ។ លោកថា ក្រោយពីទទួលការណែនាំ ពី ឯកឧត្តមអភិបាលខេត្ត កាលពីនៅថ្ងៃទី២៧ ខែមិថុនា កន្លងទៅ យើងបានសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី ចុះមកប្រចាំការត្រួតពិនិត្យ មើលសកម្មភាពអាជីវកម្មបូមខ្សាច់ទាំង ១២ក្រុមហ៊ុននេះ ជាប្រចាំ ។ ជាក់ស្ដែង នាថ្ងៃនេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត និងមន្ត្រីអមដំណើរ ក៏បានអញ្ជើញមកពិនិត្យដោយផ្ទាល់ និងធ្វើការណែនាំឲ្យក្រុមហ៊ុនទាំងអស់ ត្រូវបន្តគោរពតាមកិច្ចសន្យា នៃអាជ្ញាប័ណ្ណ ដែលកំណត់ដោយក្រសួងរ៉ែ និងថាមពល ដើម្បី បញ្ចៀសកុំឱ្យមានការបាក់ស្រុតច្រាំងទន្លេ ជាបន្តទៀត ៕