ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ជំរុញប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់ផ្តល់សេវាឱ្យបានទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អ


ត្រលប់ក្រោយ

20/07/22 13:48 PM

ចំនួនទស្សនា៖

304

ប្រភព៖

បន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានស្នើលោកប្រធានមន្ទីរការងារខេត្តបន្ទាយមានជ័យថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ៖ ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ច ដែលក្រសួង និងរដ្ឋបាលខេត្តបន្ទាយមានជ័យប្រគល់ជូន។ ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា។ ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា ស័ក្តិសមជាមន្រ្តីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។ ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ ទាំងឡាយរបស់រាជរដ្ឋាភិបាល។ ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួន សំដៅធានា បាននូវប្រសិទ្ធភាពការងារខ្ពស់។ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុត ត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនា ២ គឺកែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ។  


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់នូវអនុសាសន៍បែបនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោក នួន ស៊ីណា ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ជំនួសឯកឧត្តម រស់ សារុំ អតីតប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ដែលបានចូលនិវត្តន៍ និងតែងតាំងលោក ខេង តារា ជាអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។


ក្នុងនាមថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក នួន ស៊ីណា ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ នឹងខិតខំបំពេញការងាររួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ ជូនរាជរដ្ឋាភិបាលបន្ថែមទៀត។


ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហានានា ដូចជានៅក្នុងដំណាក់កាលការទប់ស្កាត់នូវឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រួមនិងការដោះស្រាយជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងការបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន បានយ៉ាងល្អ ហើយដែលបានធ្វើអោយខេត្តបន្ទាយមានជ័យទទួលបានការរីកចំរើន គួរជាទីមោទនមកដល់ពេលនេះ។


ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងពីយុទ្ធនាកា៩០ថ្ងៃ របបប្រាក់សោធនសម្រាប់កម្មករនិយោជិតនៃវិស័យឯកជន គឺបានកំណត់យ៉ាងច្បាស់ក្នុងអនុសាសន៍ទី៧ ក្នុងចំណោមអនុសាសន៍ទាំង១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតរយៈពេល ២ឆ្នាំ កាលពីឆ្នាំ ២០១៧ រហូតដល់ឆ្នាំ២០១៩ កន្លងទៅ ដែលមានចំនួន ៧៧លើក និងមានកម្មករនិយោជិតចំនួន ១លាននាក់បានចូលរួម។ ដូចនេះការអនុវត្តនូវរបបថ្មីនេះ ជាការទន្ទឹងរង់ចាំរបស់បងប្អូនកម្មករនិយោជិត និងនិយោជក នៃបណ្តារោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ហើយក៏ជាការឆ្លើយតបទៅនឹងអ្វីដែលរាជរដ្ឋាភិបាលបានសន្យាខាងនយោបាយ ដែលបានមានចែងក្នុងកម្មវិធីនយោបាយ និងកំណត់នូវក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ហើយក្រសួងបានយកមកដាក់ក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ដែលក្នុងអាទិភាពទាំងប្រាំ គឺការអភិវឌ្ឍន៍របបសន្តិសុខសង្គម ក៏ជាអាទិភាពដែលក្រសួងខិតខំចូលរួមសម្រេចឱ្យបានជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ។


ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានផ្ដល់នូវអនុសាសន៍មួយចំនួនបន្ថែមទៀត សម្រាប់លោកប្រធាន និងលោកអនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលទើបនឹងឡើងកាន់មុខតំណែងថ្មី ដើម្បីឲ្យការអនុវត្តតួនាទី ភារកិច្ច របស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរ ដោយក្នុងនោះ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ, ត្រូវគោរពច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាននានា ឲ្យបានខ្ជាប់ខ្ជួន, អនុវត្តឲ្យបានសកម្ម នូវគោលនយោបាយ កម្មវិធីជាតិផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល, បង្កើនទំនាក់ទំនងឲ្យបានជិតស្និទ្ធ និងល្អប្រសើរជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក ព្រមទាំងមន្ត្រីរាជការនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ, រក្សានូវកិត្តិយស សេចក្ដីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈភាពស្អាតស្អំ


ជាអ្នកបម្រើសេវា សាធារណៈ ដ៏មានប្រសិទ្ធភាព, ត្រូវខិតខំដកស្រង់បទពិសោធន៍ រៀនសូត្រនូវចំណុចល្អៗ បង្កើនចំណេះដឹង ចំណេះធ្វើបន្ថែមទៀត ដើម្បីយកមកអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ និងទូលំទូលាយ។


គួរបញ្ជាក់ជូនថា បើយោងតាមសកម្មភាពចុះធ្វើអធិការកិច្ចការងារឆ្នាំ២០២១ នៅតាមបណ្តា សហគ្រាស គ្រឹះស្ថាន ធុនតូច និងមធ្យម លើវិស័យការងារ ស្ថិតក្រោមច្បាប់ ស្តីពីការងារ នៅក្នុងខេត្តបន្ទាយមានជ័យ ៖ ១ - មាន សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន សរុបចំនួន ២៩០ សហគ្រាស ក្រុមហ៊ុន។ ២ - មានកម្មករ និយោជិត សរុបចំនួន ២៥.៥៣២ នាក់ ស្រី ១៤.៤៨៧ នាក់ ដែលក្នុងនោះមាន ៖ កម្មករ និយោជិតខ្មែរ ចំនួន ២៣.៦១៩ នាក់ ស្រី ១៣.៧៦៦ នាក់។ កម្មករ និយោជិត បរទេស ចំនួន ១.៩១៣ នាក់ ស្រី៧២១ នាក់។ បើគិតចូលដល់អ្នកដែលមានឱកាសការងារធ្វើ នៅក្រៅប្រព័ន្ធ ក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀត ដែលមានកម្លាំងពលកម្ម រាប់ពាន់នាក់ នឹងមានអ្នកត្រៀមខ្លួនចង់ចូលបំរើការងារក្នុងប្រព័ន្ធ ទាំងខាងផ្នែកផលិតកម្ម ក្នុងវិស័យឧស្សាហកម្ម ឬខាងផ្នែកវិស័យទេសចរណ៍ និងមានចង់ចូលបំរើសេវាកម្មផ្សេងៗទៀត បើមានការងារនោះ ដែលអាចឆ្លើយតបសមស្រប ទៅនឹងធនធានសមត្ថភាពដែលពួកគាត់មាន៕




dd
Bottom Ad