21/07/22 10:27 AM
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ លើករណី រំលោភលើទំនុកចិត្ត ដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីយកមកសួនាំ នៅមូលដ្ឋានអាវុធហត្ថក្រុង ចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឱ្យដឹងថាើ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានក្រុមហ៊ុនសន្តិសុខឯកជនមួយដែលមានឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ អ៊ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុនថាបានយកប្រាក់របស់ក្រុមហ៊ុន អស់ចំនួន៣០,០០០បាត(បីម៉ឺនបាត)ប្រាក់ថៃ និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ)ដុល្លារអាមេរិក។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា ៖ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ប្រធានក្រុមហ៊ុននោះមក ។លោកបានចាត់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ីម ធារ៉ា មានទីកន្លែងកំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានបញ្ជាក់ឱ្យដឹងថា៖យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា៖ ខ្លួនបំរើការងារនៅក្នុងក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនមានការជឿទុកចិត្ត និងឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិតិជន បានប្រាក់បាតចំនួន៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និង ប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុងនោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិកនោះមែន ដើម្បីយកទៅប្រើការដូចជា បង់ដី និងបង់រំលោះឡានជាដើម។ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ ២០២២នេះ ៕
ណុប-រក្សា(២៩០១៦)