21/07/22 10:32 AM
បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់លោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ញជាជីវៈ ដែលត្រូវបានប្រកាសជាផ្លូវការនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គ្មាការនអំណាចនិងគោរពឲ្យបានខ្ជាប់ខ្ជួន នូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាល។ការថ្លែងនេះនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន អនុប្រធានមន្ទីរការងារនិងបណ្តុះ បណ្តាល វិជ្ជាជីវៈ ខេត្តបន្ទាយមានជ័យ ដោយតែងតាំងមុខតំណែងលោក នួន ស៊ីណា ជាប្រធានមន្ទីរថ្មី ជំនួស លោក រស់ សារុំ ត្រូវបានចូលនិវត្តន៍ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានធ្វើសេចក្តីរាយការណ៍សង្ខេបថា៖ នៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តបន្ទាយមានជ័យ មានសហគ្រាសគ្រឹះស្ថានសរុបចំនួន ២៨៨សហគ្រាសគ្រឹះស្ថានក្នុងនោះកម្មករនិយោជិតសរុបចំនួន ២៦,៥៦០នាក់ ស្រីចំនួន ១៥,២៩៩នាក់ ហើយមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤គឺ មិនដំណើរការ០១ ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត មាន៖១/-តំបន់សេដ្ឋកិច្ចពិសេសអូនាង,២/- តំបន់សេដ្ឋកិច្ចពិសេសRoyal Group ប៉ោយប៉ែត ,៣/- តំបន់សេដ្ឋកិច្ចពិសេសសានកូ និង៤/-តំបន់សេដ្ឋកិច្ចពិសេស លីអ៊ុតនី (មិនដំណើរការ) និងសួនឧស្សាហកម្មចំនួនមួយ នៅក្រុងសិរីសោភ័ណ គឺសួនឧស្សាហកម្មស៊ីសុផុនអ៊ិនដាសស្ទ្រៀលផាក សរុបចំនួន១៥ រោងចក្រ មានកម្មករនិយោជិតសរុបចំនួន ៩,៣២៧នាក់ ស្រីចំនួន៦,១៩២នាក់ ដោយឡែក ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈរដ្ឋបាលខេត្តនិងមន្ទីរការងារបានគ្រោងនឹងសាងសង់អគារបណ្តុះបណ្តាលក្នុងបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ព្រមទាំងបានផ្តោតសំខាន់លើជំនាញគោលចំនួន ៥ រួមមាន៖១/-វិស្វកម្មអគ្គិសនី,២/-វិទ្យាសាស្ត្រកុំព្យូទ័រ,៣/-វិស្វកម្មមេកានិករថយន្ត,៤/- វិស្វកម្មសំណង់ស៊ីវិលនិង៥/-វេជ្ជសាស្ត្រនិងវិទ្យាសាស្ត្រសត្វ។
នាឱាសនោះ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ ការតែងតាំងប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរនាពេលនេះគឺមិនមែនប្រធានចាស់មានកំហុសអ្វីនោះទេ ជាការធម្មតាដោយប្រធានមន្ទីរចាស់ ត្រូវបានចូលនិវត្តន៍ ត្រូវបានតែងតាំងប្រធានថ្មីជំនួសវិញ។ទន្ទឹមនោះដែរក៏សុំធ្វើការកោតសរសើរដោយស្មោះចំពោះប្រធានមន្ទីរចាស់ គឺលោក រស់ សារុំ ដែលរយៈកាលកន្លងមកលោកបានខិតខំប្រឹងប្រែងដឹកនាំអង្គភាពទទួលបានព្រឹត្តិការណ៍ជោគជ័យជាច្រើន។
ក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់លោកប្រធានមន្ទីរថ្មី ដែលត្រូវបានចូលកាន់មុខតំណែងជាផ្លូវការនៅពេលនេះសុំឲ្យមានសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ គោរពស្រឡាញ់ឲ្យតម្លៃគ្នាទៅវិញទៅមកចំពោះមន្ត្រីក្នុងអង្គភាព ដោយគ្មានការរំលោភបំពានអំណាច និងធ្វើជាប្រធានត្រូវមានការពិគ្រោះយោបល់រវាងថ្នាក់ក្រោម ចេះជួយទុក្ខធុរៈគ្នាជាពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំងប្រាំគឺ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។មួយវិញទៀតធ្វើជាប្រធានត្រូវចិត្តទូលាយអត់ធ្មត់ឲ្យបាននូវការងារតូច ទើបអាចសម្រេចបានការងារធំពិសេសជាងនេះទៅទៀតសូមផ្ដល់នូវសេវាឲ្យបានល្អជូនបងប្អូនកម្មករនិយោជិតធ្វើការនៅតាមរោងចក្រនានានៅក្នុងខេត្តបន្ទាយមានជ័យ ឲ្យបានទាន់ពេលវេលា៕ណុប-រក្សា(២៩០១៦)