កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាលស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព


ត្រលប់ក្រោយ

22/07/22 08:15 AM

ចំនួនទស្សនា៖

218

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ កិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាល ស្តីពី ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព បានរៀបចំធ្វើឡើងនៅថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២២ សាលប្រជុំសាលាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម និង ដោយមានការចូលរួមពីលោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការចូលរួមពីលោក -លោកស្រី ស្ថាប័ន អង្គ ភាព សមត្ថកិច្ច ពាក់ព័ន្ធ អង្គការដៃគូរ ។  


មានមតិចូលរួមនាឱកាសនោះដែរ លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ អង្គភាពនានាដែលពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាតិ អន្តរជាតិ ដែលមាន ក្រសួងសង្គមកិច្ច រួមនិងអង្គការដទៃទៀត ដែលបានសហការរៀបចំកិច្ចប្រជុំសម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះឡើង។លទ្ធផលនៃកិច្ចប្រជុំ សម្របសម្រួល និងវគ្គបណ្តុះបណ្តាលនេះ នឹងបានពិភាក្សាចែករំលែកនូវវិធីសាស្រ្ត និងបទពិសោធន៍ផ្សេងៗ ជាមួយការដោះស្រាយករណីរួមគ្នា ក្នុងការសហការគ្នា ក្នុងភាពជាដៃគូ ដើម្បីជួយជនចំណាកស្រុក និងគ្រួសាររបស់ពួកគេប្រកបដោយ ប្រសិទ្ធិភាព និងផ្លែផ្កាល្អ ។


ឯកឧត្តម ឈួរ សុបញ្ញា ក៏បានមានប្រសាសន៍ថា ៖ បច្ចុប្បន្ន ពលរដ្ឋបានធ្វើចំណាកស្រុក ដោយខុសច្បាប់មានជាបន្តបន្ទាប់ ដោយសារតែមានការអូសទាញពីសំណាក់មេខ្យល់នាំទៅប្រទេសថៃ ដើម្បីរកការងារ ជាមួយគ្នាក៏បានភាគីថៃបញ្ជូនត្រលប់មកកម្ពុជាវិញជាបន្តបន្ទាប់។ មួយវិញទៀតគ្រប់អ្នកពាក់ព័ន្ធ ត្រូវរួមសហការគ្នា ចុះអបរំ ផ្សព្វផ្សាយ ដល់ពលរដ្ឋឲ្យបានយល់ច្បាស់ពីហានីភ័យនៃការឆ្លងដែនដោយខុសច្បាប់។


ជាមួយនោះ ឯកឧត្តម ក៏បានអរគុណ ចំពោះគ្រប់ភាគីពាក់ព័ន្ធអង្គការដៃគូ ដែលកន្លងមកបានខិតខំយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសម្រួលដល់ពលករដែលត្រូវបានបញ្ជូនពីប្រទេសថៃមកកម្ពុជា ដោយមានការរៀបចំអាហារហូបចុក និងសម្ភារៈ ផ្សេងៗ។


ឯកឧត្តម ឈួរ សុបញ្ញា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់សមត្ថកិច្ចពាក់ព័ន្ធ និងអង្គការដៃគូនានា បន្តចូលរួមសហការគ្នា ក៏ដូចជាការជួយផ្តល់សេវានានាចាំបាច់ ដល់ក្រុមគ្រួសារជនចំណាកស្រុក ជាពិសេស ពលករចំណាកស្រុកទៅប្រទេសថៃ ដែលមិនមានសុវត្ថិភាព ដើម្បីចូលរួមការពារទប់ស្កាត់ ការលួចឆ្លងដែនដោយខុសច្បាប់ពីសំណាក់ពលរដ្ឋ ។


សូមបញ្ជាក់យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលសំចតប៉ោយប៉ែត ស្តីពី ពលករវិលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជាវិញ នៅឆមាស១ បានឲ្យដឹងថា ៖ ពលករ-ពលការិនី កម្ពុជាបញ្ជូនមកពីប្រទេសថៃសរុបចំនួន ៧៤,១៤៨នាក់ (បុរស ៣០,៤៥៩នាក់, ស្ត្រី ៣០,២៩៨នាក់,កុមារា ៩,០៧៧នាក់,កុមារី ៤,៣១៤នាក់)។ ក្នុងចំណោម ពលករ-ពលការិនី កម្ពុជាដែលបានបញ្ជូនមកពីប្រទេសថៃទាំង ៧៤,១៤៨នាក់នេះ ក្នុងនោះរួមមាន ៖ ច្រកអូរបីជាន់ មានចំនួន ៣៧,៣២៣នាក់ , ច្រកម៉ាឡៃ ៩,៥១២នាក់, ច្រកបឹងត្រកួន ១,៩៧០នាក់, ច្រកប៉ោយប៉ែត ២៥,៤៤៣នាក់៕ បន្ទាយមានជ័យ,២១/០៧/០២២=ណុប-រក្សា(២៩០១៦)






dd
Bottom Ad