22/07/22 08:19 AM
បន្ទាយមានជ័យ៖ កូនឈើចំនួន១០០០ដើម ដែលជាប្រភេទកូនប៉េងអាហ្រ្វិកចំនួន៦០០ដើម និងកូនក្ងោកចំនួន ៤០០ដើម ដែលជាអំណោយរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវត្រូវបានឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា អមដំណើរដោយឯកឧត្តម ហូ ប៊ុនហេង ទីប្រឹក្សាទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក យុទ្ធ ស្វីតនី ប្រធានរតនាគារខេត្តបន្ទាយមានជ័យ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ និងក្រុមការងារ បានរៀបចំពិធីប្រគល់ជូន លោក ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងនៃបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការដ្ឋានប្រចាំទិសយោធភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ។
ថ្លែងនាឱនោះ ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា រដ្ឋសភា សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងពីសំណាក់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ដល់ថ្នាក់ដឹកនាំទីបញ្ជាការដ្ឋានរថក្រោះអគ្គបញ្ជាការប្រចាំទិសយោភូមិភាគទី៥ ស្រុកព្រះនេត្រព្រះ។
ឯកឧត្តម សមាជិករដ្ឋសភា បានកោតសសើរដល់ថ្នាក់ដឹកនាំ ទីបញ្ជាការរដ្ឋានរថក្រោះ អគ្គបញ្ជាការដ្ឋានកងរថក្រោះប្រចាំទិសព្រះនេត្រព្រះយុទ្ធភូមិភាគទី៥ ដែលបានរួមសហការណ៍គ្នា ដាំកូនឈើនាពេលនេះ។ ជាពិសេសធ្វើអោយមានការីកចម្រើនក្នុងអង្គភាពរបស់ខ្លួនក្នុងការកែច្នៃតំបន់នេះឲ្យប្រែក្លាយទៅជាតំបន់រមណីដ្ឋានមានពណ៌បៃតងយ៉ាងស្រស់ស្អាតសម្រាប់បងប្អូនប្រជាពលរដ្ឋទៅកំសាន្តលេង ក្នុងអត្តន័យលើកស្ទួយផ្នែកបរិស្ថាន។
ឯកឧត្តម អ៊ី ឡុង បានបន្តថា៖ការប្រគល់និងដាំដើមឈើមានអត្ថន័យធំធេងចំពោះជាតិមាតុភូមិនិងការស្នេហាជាតិតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសយកថ្ងៃ ៩កក្កដា ជាថ្ងៃរុក្ខទិវាជាតិដែលព្រះអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៃយើង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំជានិមិត្តរូបដាំកូនឈើ កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ នៅខេត្តបាត់ដំបង ដើម្បីរួមចំណែក និងសង្គមជាតិឲ្យមានការរីកចម្រើនក្នុងផ្នែកបរិស្ថាន ដែលជួយផ្ដល់សេចក្តីសុខដល់មនុស្ស សត្វ ដែលអាចឲ្យ យើងកាត់បន្ថយបាននូវភាពប្រឈមនឹងគ្រោះមហន្តរាយដោយគ្រោះរាំងស្ងួត បំរែបំរួលអាកាសធាតុ ភ្លើងឆេះព្រៃ ខ្យល់កន្ត្រាក់ ទឹកជំនន់ដែលបណ្តាលមក ពីការបាត់បង់ព្រៃឈើ ហើយព្រៃឈើគឺជាប្រភពធនធម្មជាតិដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕ បន្ទាយមានជ័យ,២១/០៧/០២២=ណុប-រក្សា(២៩០១៦)