សាខាកាកបាទក្រហមខេត្តសៀមរាប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១០នាក់


ត្រលប់ក្រោយ

22/07/22 08:36 AM

ចំនួនទស្សនា៖

271

ប្រភព៖

សៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ចំនួន១០នាក់ ស្រី៦នាក់ នៅឃុំដូនពេង ស្រុកអង្គរជុំ ខេត្តសៀមរាប។  


លោក ចៅ ម៉ៅមុន្នី សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី ក្នុងនាមជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាសៀមរាប សូមពាំនាំនូការផ្ដាំផ្ញើសួរសុខទុក្ខពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែបបានចូលរួមរំលែកនូវទុក្ខលំបាក និងគិតគូពីសុខទុក្ខ សុខភាព របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបងប្អូនអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ ជាបន្តលោកក្រើនរំឮកថា សូមបងប្អូនថែរក្សាសុខភាពផ្ទាល់ខ្លួន រស់នៅមានអនាម័យ និងទៅទទួលសេវាថែទាំ និងព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ពេលវេលា នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមការណាត់របស់លោកគ្រូពេទ្យ។


ក្នុងឱកាសនោះដែរ ក្រុមប្រតិបត្តិសាខា ក៏បានធ្វើការផ្សព្វផ្សាយនូវសារ៦ចំណុចរបស់ឥស្សរជនឆ្នើមថ្នាក់ជាតិមាន៖

១. សូមបងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី ត្រូវស្វែងយល់ចំណេះដឹងថ្មីៗពីការចម្លងមេរោគអេដស៍ ក្នុងគ្រួសារ សហគមន៍ និងសង្គមជាតិ ដើម្បីបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥តាមការគ្រោងទុក។

២. ក្នុងករណីសង្ស័យថាបានប្រឈម នឹងការឆ្លង ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងសេវាធ្វើតេស្តឈាម ដើម្បីទទួលបានសេវាថែទាំ និងព្យាលទាន់ពេលវេលា។

៣. ចំពោះស្រ្តីមានផ្ទៃពោះត្រូវស្វែងរកសេវាថែទាំ និងពិនិត្យផ្ទៃពោះឲ្យបានត្រឹមត្រូវ និងទៀងទាត់តាមការណែនាំរបស់បុគ្គលិកពេទ្យ។

៤. ត្រូវបញ្ចប់ការរើសអើងគ្រប់រូបភាពចំពោះអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍

៥. ត្រូវការពារជាប្រចាំតាមរយៈការប្រើប្រាស់ស្រោមអនាម័យចំពោះប្រជាពលរដ្ឋទាំងឡាយដែលមានមុខរបរប្រឈមខ្ពស់នឹងការឆ្លងមេរោគអេដស៍។

៦.ទន្ទឹមនឹងនោះសូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយត្រូវការពារឲ្យបានខ្ជាប់ខ្ជួនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល”៣ការពារ ៣កុំ” និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា។ ក្នុងរដូវគ្រុនឈាមនេះគ្រួសារនីមួយៗ ត្រូវប្រុងប្រយ័ត្នកុមារតូចៗកុំឲ្យមូសខ្លាខាំ ពេលថ្ងៃត្រូវដេកក្នុងមុង ត្រូវអនាម័យលំនៅដ្ឋាន ជុំវិញផ្ទះដើម្បីបំបាត់ជម្រកមូសខ្លា។


អំណោយមនុស្សធម៌បានផ្តល់ជូនគ្រួសារនីមួយៗមាន៖ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកា៥ម៉ឺនរៀល ។

ជាមួយគ្នានេះ លោក ចៅ ម៉ៅមុន្នី ក៏បានឧត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ១សែនរៀលផងដែរ សម្រាប់គ្រួសារនីមួយៗ៕




dd
Bottom Ad