22/07/22 08:47 AM
សៀមរាប៖ រសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅបន្ទប់ប្រជុំធំ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពី ឯកឧត្ដម អគ្គនាយករងអាជ្ញាធរជាតិអប្សរា គណៈអភិបាលខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងកងកម្លាំងទាំងបី មេឃុំ ចៅសង្កាត់ មេភូមិ បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានា ជាច្រើននាក់។
បន្ទាប់ពីសេចក្ដីរាយការណ៍របស់ លោក ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោក លោកស្រី អភិបាលក្រុង ស្រុក ទាំង៦ រួចមក អង្គប្រជុំបានជជែក ពិភាក្សា និងពិនិត្យដោយយកចិត្តទុកដាក់លេីទិន្នន័យក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតក្នុងតំបន់៣ នៃបឹងទន្លេសាប និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងតាមសេចក្តីសម្រេចលេខ ០៥២/២២ សសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការបង្កើតក្រុមការងារ ត្រួតពិនិត្យ និងអង្កេតវាស់វែង ប្រមូលទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផល មុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ បឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៦ ក្នុងខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនបងប្អូនប្រពលរដ្ឋដែលបានរស់នៅ អាស្រ័យផលចាប់ពី ១០ឆ្នាំឡើងទៅតាមភាពជាក់ស្ដែង និងយោងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់បង្កើតដែនព្រៃលិចទឹក ដែលហៅថាតំបន់៣ ស្ថិតនៅជាប់ជុំវិញបឹងទន្លេសាប ខេត្តសៀមរាប មានចំនួន៦ ក្រុង ស្រុក មានឃុំ សង្កាត់ចំនួន ២៨ ស្មើនឹងភូមិចំនួន ៨៦ គ្របដណ្ដប់លើផ្ទៃដីតំបន់៣ មានទំហំ ១២៦ ៨៩៨,៦៤៤១ហិកតា(មួយរយម្ភៃប្រាំមួយពាន់ប្រាំបីរយកៅសិបប្រាំបីហិកតា និងប្រាំមួយពាន់បួនរយសសិបមួយម៉ែត្រការ៉េ)៕