25/07/22 12:01 PM
(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារ នឹងចុះអង្កេតដល់ទីតាំងសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅរាជធានីភ្នំពេញទាំងអស់ដើម្បីជំរុញការចុះបញ្ជីពន្ធដារ និងការបង់ពន្ធឱ្យស្មើភាពគ្នា ក៏ដូចជាពង្រឹងការប្រមូលចំនួនពន្ធ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ គោលបំណងការចុះអង្កេតនេះ គឺពង្រឹងការប្រកួតប្រជែងដោយស្មើភាព និងពង្រឹងអនុលោមភាពសារពើពន្ធ ដោយស្ម័គ្រចិត្ត និងដើម្បីផ្តល់សេវាចុះបញ្ជីពន្ធដារឱ្យកាន់តែងាយស្រួលជូនអ្នកជាប់ពន្ធដល់ទីតាំងសហគ្រាសជាក់ស្តែង និងប្រមូលព័ត៌មានអំពីសហគ្រាសរួមមាន អត្តសញ្ញាណម្ចាស់សហគ្រាស សកម្មភាពអាជីវកម្ម និងព័ត៌មានផ្សេងៗសម្រាប់គាំទ្រដល់ការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា។ ប្រសិនបើពិនិត្យឃើញថា កន្លែងប្រកបអាជីវកម្មណាមួយ មិនទាន់ចុះបញ្ជី មន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារនឹងចុះបញ្ជីជូនពួកគេនៅកន្លែងទីតាំងផ្ទាល់តែម្តង។
ដើម្បីផ្តល់ភាពរលូនដល់ការចុះអង្កេតនេះ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថាក្នុងករណីសហគ្រាសដែលបានចុះបញ្ជីពន្ធដាររួចរាល់ ត្រូវត្រៀមឯកសារមួយចំនួនដូចជា ប័ណ្ណពន្ធប៉ាតង់(ឆ្នាំចុងក្រោយ) ឬវិញ្ញាបនបត្រចុះបញ្ជីពន្ធដារ ឬប័ណ្ណសម្គាល់ការចុះបញ្ជីពន្ធដារ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធ ឬលិខិតបញ្ជាក់សាខាសហគ្រាស។ ក្នុងករណីសហគ្រាសដែលមិនទាន់ចុះបញ្ជីពន្ធដារ គួរត្រៀមឯកសារអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែនរបស់ម្ចាស់សហគ្រាស ឬអ្នកតំណាង លិខិតបញ្ជាក់ការចុះបញ្ជី ឬលិខិតអនុញ្ញាតបើកអាជីវកម្ម ពីមន្ទីរ ឬក្រសួង ឬស្ថាប័នពាក់ព័ន្ធ(ប្រសិនបើមាន)៕