26/07/22 14:20 PM
(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណ:អភិបាលខេត្តស្វាយរៀង តំណាង ឯកឧឯកឧត្អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តូច ប៉ូលីវ៉ា បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.បន្តយកចិត្តទុកដាក់លើបញ្ហាភូមិឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេងទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។
២.មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។
៣.រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជម្រុញដូសទី៣ ដូសទី៤ ឬដូសទី៥ ឲ្យបានគ្រប់ៗគ្នា។
៤. អាជ្ញាធរមូលដ្ឋានរដ្ឋបាលក្រុង-ស្រុកពាក់ព័ន្ធទាំងអស់ត្រូវចាត់វិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់រាល់ល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។
៥.អាជ្ញាធរមូលដ្ឋានក្រុង-ស្រុក ត្រូវពិនិត្យរាល់ការសាងសំណង់ ការពុះដីឡូ ឬសាងសង់សំណង់ផ្សេងៗ ទៀតត្រូវមានច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវ។
ឯកឧត្តម តូច ប៉ូលីវ៉ា ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋផងដែរ៕ ដោយ:PK