28/07/22 10:05 AM
ខេត្តកណ្តាល៖ ការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ គឺមានសារៈសំខាន់ណាស់សម្រាប់ មន្ទីរពាក់ព័ន្ធ លោក លោកស្រីដែលជា នាយក ឬម្ចាស់រោងចក្រ សហគ្រាស និងគ្រឹះស្ថាននានា ក្នុងការទទួលបានព័ត៌មានថ្មីៗ និងបង្កើនការយល់ដឹងបានកាន់តែច្បាស់ ពីប្រព័ន្ធសន្តិសុខសង្គម ជាពិសេសរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
ឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្តាល បានលើកឡើងដូច្នេះ នៅក្នុងពិធី ផ្សព្វផ្សាយ ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ នៅសាលាខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ។
ឯកឧត្តមបានមានប្រសាសន៍ថា ប្រព័ន្ធសន្តិសុខសង្គម ជាប្រព័ន្ធសម្រាប់គ្រប់គ្រងកម្មវិធីសន្តិសុខសង្គម ដែលរៀបចំឡើង ដើម្បីជួយដល់ ប្រជាជន ក្នុងការការពារពួកគាត់ពីការធ្លាក់ចុះភ្លាមៗនៃប្រាក់ចំណូល ដែលបណ្តាលមកពីជំងឺ លំហែមាតុភាព គ្រោះថ្នាក់ការងារ និកម្មភាព ទុព្វលភាព ជរាភាព (ឬចូលនិវត្តន៍) និងមរណភាព នៃអ្នកដែលរកចំណូលសម្រាប់គ្រួសារ នឹងជំរុញឱ្យប្រជាជនគ្រប់រូបចូលរួមសន្សំប្រាក់ ឬបង់ភាគទានជាកាតព្វកិច្ចទៅ តាមអត្រាជាក់លាក់ នៅក្នុងមូលនិធិមួយ ដើម្បីការពារហានិភ័យទាំងអស់នេះ ចំពោះក្រុមប្រជាជនក្រីក្រ និងងាយរងគ្រោះដែលគ្មានលទ្ធភាពបង់ភាគទានរាជរដ្ឋាភិបាលនឹងពិនិត្យលទ្ធភាពក្នុងការបង់ភាគទានជំនួសផងដែរ។
នាឱការនោះ ឯកឧត្ដមអភិបាលរងខេត្តក៏បានផ្ដាំផ្ញើ និងជំរុញដល់ តំណាងមន្ទីរពាក់ព័ន្ធ លោក លោកស្រី នាយក ឬម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានបានចូលរួមទាំងអស់ ត្រូវព្យាយាមយកចិត្តទុកដាក់ចំពោះការធ្វើបទបង្ហាញរបស់ក្រុមការងារបេឡាជាតិសន្តិសុខសង្គម ដើម្បីចូលរួមអនុវត្ត និងជួយផ្សព្វផ្សាយបន្ត សំដៅលើកកម្ពស់ប្រព័ន្ធសន្តិសុខសង្គម ឱ្យសម្រេចបាននូវក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ របស់រាជរដ្ឋាភិបាល។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បានបញ្ជាក់ថា យោងតាមអនុក្រឹត្យលេខ៣២ អនក្រ.បក ចុះថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ បានកំណត់យកអត្រាភាគទានស្មើនឹង ៤% (និយោជក ២% និងកម្មករនិយោជិត ២%) នៃប្រាក់ឈ្នួលជាប់ភាគទាន។
ឯកឧត្តមបន្តថា ដើម្បីបង្កើនការយល់ដឹងកាន់ច្បាស់ ប.ស.ស នឹងចុះពន្យល់ផ្សព្វផ្សាយ ដល់សមាជិក ប.ស.ស. ជៀសវាងការមិនយល់ពីអត្ថប្រយោជន៍ និងការបង់ភាគទាន ដែលជាហេតុធ្វើឱ្យមិនសប្បាយចិត្ត បើទោះបីវាជាកាតព្វកិច្ចត្រូវចំណាយភាគទាននាពេលនេះ តែអ្វីដែលនឹងទទួលបានមកវិញ គឺជាផលប្រយោជន៍នៅពេលកម្មករនិយោជិតចាស់ទៅនឹងទទួលបានប្រាក់ចូលនិវត្តន៍ ដែលនាំឱ្យគាត់មានលំនឹងជីវភាព រួមទាំងការថែទាំសុខភាពដោយឥតគិតថ្លៃ។ ចំណែកឯនិយោជកវិញ គាត់នឹងទទួលបានកំលាំងចិត្តពីកម្មករនិយោជិតរបស់ខ្លួន ហើយពួកគាត់កាន់តែស្រលាញ់ការងារ ដែលនាំឱ្យខ្សែសង្វាក់ផលិតកម្មកាន់តែមានប្រសិទ្ធិភាពខ្ពស់ រហ័សនិងទាន់ពេលវេលា។