28/07/22 14:13 PM
បន្ទាយមានជ័យ៖ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនរបាល ក្រុងប៉ោយប៉ែត នៅវេលាម៉ោង០២រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំលោក លោកស្រី វរសេនីយ៍ អនុសេនីយ៍ ជាអធិការរង នាយ នាយរងផ្នែក នាយរងប៉ុស្តិ៍រដ្ឋបាល និងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចូលរួមគោរពវិញ្ញាណក្ខន្ធ បំពាក់កម្រងផ្កាជូនសព លោកអនុសេនីយ៍ឯក ឆោម ភក្តី មន្រីនគរបាលពិនិត្យវិភាគកន្លែងកើតហេតុ ដែលបានទួលមរណភាពដោយ កាលពឺថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២២ ដោយជម្ងឹប្រចាំកាយ។ សពលោកអនុសេនីយ៍ឯក ឆោម ភក្តី ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ថ្លែងក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកវរសេនីយ៍ឯក សៅ សារឿន បានលើកឡើងថា ក្នុងនាមជំនួសមុខឲ្យថ្នាក់ដឹកនាំអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងមន្ត្រីនគរបាលក្រុងប៉ោយប៉ោយប៉ែតទាំងអស់ និងក្នុងនាមលោកផ្ទាល់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាព លោកអនុសេនីយ៍ឯក ឆោម ភក្តី ដែលនេះគឺជាការបាត់បង់ស្វាមី ឪពុក ជីតា ដ៏ល្អ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌នាគ្រាកន្លងមកចំពោះក្រុមគ្រួសារ ។មួយវិញទៀត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបាត់បង់មន្ត្រីនគរបាលដ៏ឆ្នើម០១រូប ដែលធ្លាប់មានស្នាដៃល្អក្នុងការបំពេញតួនាទី ភារកិច្ច រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកន្លងមក ។
លោកអធិការបញ្ជាក់ថា ដើម្បីជាការចូលរួមក្នុងកម្មវិធីបុណ្យនេះ លោកបានប្រគល់ថវិកាចំនួន១លានរៀល ដែលបានមកពីការចូលរួមរបស់កងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតជូនដល់គ្រួសារសពនិងសូមជូនពរឲ្យវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ឯក ឆោម ភក្តី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ បន្ទាយមានជ័យ,២៨/០៧/០២២=ណុប-រក្សា(២៩០១៦)