ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ ត្រូវបានដង្ហែរពីសារមនី្ទរជាតិ រាជធានីភ្នំពេញ មកទីតាំងដើម ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ


ត្រលប់ក្រោយ

01/08/22 11:30 AM

ចំនួនទស្សនា៖

265

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ មានអាយុកាល១,០០០ឆ្នាំ ដែលបាត់បង់ក្នុងអំឡុងឆ្នាំ១៩៩៨ ត្រូវបានដង្ហែរពីសារមនី្ទរជាតិ រាជធានីភ្នំពេញ មកដល់ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ ដើម្បីទៅដាក់នៅទីតាំងដើម ខាងលិចឈៀងខាងត្បូង បន្ទាប់ពីបានរៀបចំពិធីបួងសួង តាមបែបសាសនា នៅសារមន្ទីរជាតិ មុនដង្ហែរមកកាន់ទីតាំងដើម។  


ក្នុងពិធីដង្ហែរផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈនោះដែរ ក៏មានការអញ្ជើញចូលរួមដង្ហែរពីលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន លោកជំទាវ ញ៉ែម សាខន សខេង លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិកា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងច្រើនកុះករផងដែរ។


លោក ម៉ៅ ស៊ី ប្រធានសហគមន៍ទេសចរណ៍បន្ទាយឆ្មារ បានប្រាប់ឱ្យ ភ្នាក់ងារ ទូរទស្សន៍អាស៊ីអាគ្មេយ៍ ប្រចាំខេត្តបន្ទាយមានជ័យដឹងថា ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈទាំងអស់សរុប៨ ផ្ទាំង ៨រូប តែមកដល់បច្ចុប្បន្ននេះក្រោយពីយើងយកចេញពីសារមន្ទីរជាតិ២រូប មកដាក់នៅទីតាំងដើមជញ្ជាំងប្រាសាទបន្ទាយឆ្មារខាងលិច ឈៀងផ្នែកខាងត្បូងគឺមានចំនួនតែ៦រូបទេ ដោយយើងបាត់បង់អស់ចំនួន២រូប។


លោក យ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត បន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងថា ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ មានអាយុកាលប្រមាណ១,០០០ឆ្នាំមកហើយ ពោលតាំងពីចុង សតវត្សទី ១២ ដើមសតវត្សទី១៣។


មួយវិញទៀត លោកក៏បានបញ្ជាក់ថា ៖ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈត្រូវបានបាត់ក្នុងអំឡុងឆ្នាំ១៩៩៨ ដោយត្រូវជនទុច្ចរិត លួចគាស់ យកទៅលក់នៅប្រទេសថៃ។ ហើយនៅឆ្នាំ២,០០០ រាជរដ្ឋាភិ បាលថៃបានរកឃើញ ហើយប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាវិញ ដាក់តម្កល់នៅសារៈមន្ទីរជាតិ-ភ្នំពេញ រហូតមក។ តែដោយមានការជួយជ្រុំជ្រែង ពីឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋ មន្ត្រីនិងលោកជំទាវ ក៏បានស្នើសុំ ផ្ទាំងចម្លាក់រូបព្រះលោកេស្វរៈ មកដាក់នៅកន្លែងដើមវិញ។សូមស្តាប់ការបញ្ជាក់របស់លោកយ៉ង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្ត បន្ទាយមានជ័យ៕បន្ទាយមានជ័យ,០១/០៨/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad