គ្រឿងញៀនជាច្រើនគីឡូក្រាម ត្រូវដុតបំផ្លាញចោល ក្នុងឱកាសទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តបន្ទាយមានបជ័យ


ត្រលប់ក្រោយ

01/08/22 11:41 AM

ចំនួនទស្សនា៖

627

ប្រភព៖

បន្ទាយមានជ័យ

ខេត្តបន្ទាយមានបជ័យ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា ការចរាចរណ៍គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាដោះស្រាយ លុបបំបាត់បញ្ហានេះឱ្យបាន ដែលទាមទារឱ្យគ្រប់ភាគីពាក់ព័ន្ធត្រូវតែបង្រ្កាបនិងសូមឱ្យប្រជាពលរដ្ឋសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងរាយការណ៍ ពីបទល្មើសគ្រឿងញៀននៅមូលដ្ឋានមកសមត្ថកិច្ច។


ការថ្លែងនេះក្នុងឱកាស ដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ "ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ "ដែលបានប្រារព្វធ្វើនៅសកលវិទ្យាល័ជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងដុតបំផ្លាញចោលនូវសារធាតុញៀន និងគ្រឿងញៀន៦០គីឡូក្រាម មកពី៣ខេត្ត រួមមាន ៖ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តប៉ៃលិន ដែលមានអ្នកចូលរួម១,២០០នាក់ ។  


ឯកឧត្តម បញ្ជាក់ថា កិច្ចការទាំងនេះសម្រេចទៅបានទាល់តែមានការចូលរួម ពីអាជ្ញាធរ ពិសេសពលរដ្ឋនៅមូលដ្ឋានផ្ទាល់តែម្តង ដែលពេលខ្លះសមត្ថកិច្ច មិនអាចក្តាប់ព័ត៌មានទាំងអស់នេះបានគ្រប់ជ្រុងជ្រោយនោះឡើយ បើគ្មានកិច្ចសហការពីពលរដ្ឋនៅមូលដ្ឋាននោះទេ ។ ជាងនេះទៅទៀត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានជំរុញ ដល់អាជ្ញាធរ ពលរដ្ឋដែលបានដឹងពីសកម្មភាពបទល្មើស ប្រើប្រាស់ និងជួញដូរគ្រឿងញៀននៅមូលដ្ឋាន ត្រូវរាយការណ៍ មកសមត្ថកិច្ចនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការបង្ក្រាបឱ្យបានទាន់ពេលវេលា។


ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានសង្កត់ធ្ងន់ ដល់សមត្ថកិច្ចនៅតាមបន្ទាត់ ព្រំដែនត្រូវទប់ស្កាត់ឱ្យខាងតែបានដាច់ខាត នូវការចរាចណ៍គ្រឿនញៀនតាមបន្ទាត់ព្រំដែនចូលមកកម្ពុជា។


ក្នុងឱកាសនោះដែរ យុវជនបន្សាបគ្រឿងញៀន ជីវិតថ្មីភ្នំបាក់ក៏បានធ្វើការប្តេជ្ញាចិត្ត នឹងធ្វើជាកូនល្អ មិត្តល្អ ពលរដ្ឋល្អ ក្នុងសង្គមជាតិ បញ្ឈប់ការប៉ះពាល់ គ្រឿងញៀនឲ្យប៉ះពាល់ដល់គ្រួសារនិងសង្គមជាតិ។


សូមបញ្ជាក់ថា វត្ថុតាងជាគ្រឿងញៀនរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងទាំង៣ខេត្ត ដែលត្រូវបានសម្រេចរឹបអូសសម្រាប់ដុតបំផ្លាញចោលនោះ មានសារធាតុញៀន សរុប ដូចខាងក្រោម ៖ ១/-ថ្នាំញៀនប្រភេទម្សៅក្រាម (ទឹកកក) ទម្ងន់ ៤១,២៣៧.១៣ ក្រាម (បួនម៉ឺនមួយពាន់ពីររយ សាមសិបប្រាំពីរកណ្តក់សញ្ញាដប់បី )ក្រាម។ ២/-ថ្នាំញៀនប្រភេទគ្រាប់ WY មានចំនួន ៤,៤៦០ (បួនពាន់បួនរយហុកសិប)គ្រាប់។ ៣/-ថ្នាំញៀនប្រភេទថ្នាំចំរុះ (ថ្នាំគ្រវី) ទម្ងន់ ៧១.១ (ចិតសិបមួយកណ្ដក់សញ្ញាមួយ)ក្រាម។ ៤/-ថ្នាំញៀនប្រភេទទឹក (កេតាមីន) មានចំនួន ១២០ (មួយរយម្ភៃ) ដប។ ៥/-កញ្ឆាក្រៀមទម្ងន់សរុប ២,៧៣៧.៨ (ពីរពាន់ប្រាំពីរយសាមសិបប្រាំពីរកណ្តក់សញ្ញាប្រាំបី) ក្រាម។


ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏បានឧបត្ថម្ភដល់គណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ ចំនួន៣លានរៀល,សកលវិទ្យាល័យជាតិមានជ័យ១លានរៀល,មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ១លានរៀល,កម្លាំងនគរបាលការពារ១លានរៀល,កម្លាំងកងរាជអាវុធហត្ថការពារ១លានរៀល,ក្រុមការងារសសយក អភិវឌ្ឍន៍យុជនសយក និងយុវជនស្រឡាញ់សន្តិភាព សរុប៨០នាក់ ម្នាក់ថវិកា១ម៉ឺនរៀល,ក្រុមកាយរិទ្ធនិងកាកបាទក្រហមសរុប៤០នាក់ ម្នាក់ថវិកា១ម៉ឺនរៀល,សិស្សានុសិស្សសរុប១៨០នាក់ ម្នាក់សៀវភៅ២ក្បាល ប៊ិច២ដើមនិងថវិកា៥ពាន់រៀល,គ្រូពេទ្យ១លានរៀលនិងប្រជាពលរដ្ឋសរុប១៥០នាក់ ម្នាក់សារុង១ផងដែរ៕ បន្ទាយមានជ័យ,២៩/០៧/០២២=ណុប-រក្សា(២៩០១៦)




dd
Bottom Ad