03/08/22 13:05 PM
បន្ទាយមានជ័យ៖ ដោយទឹកចិត្តអាណិតស្រលាញ់រវាងប្រជាជនតៃវ៉ាន់មកលើប្រជាជនខ្មែរយើង ជាពិសេសលើវិស័យអប់រំសិក្សា ដែលជាវិស័យអត្ថិភាពខ្ពស់ជាងគេនោះ អង្គការគ្រួសារកុមារអភិវឌ្ឍន៍ហៅកាត់"FRA"ប្រចាំនៅកម្ពុជារស់នៅលើទឹកដីកោះតៃវ៉ាន់ តាមរយៈមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានធ្វើការផ្ដល់ប្រគេននូវសម្ភារៈ កុំព្យូទ័រចំនួន ១៣៥គ្រឿង និងម៉ាស៊ីនព្រីនធ័រចំនួន ១៥គ្រឿង ដល់ព្រះសង្ឃតាមបណ្ដាស្រុក-ក្រុងទាំង៩ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ ដោយសរុបថវិកាចំនួន ២,៣៦៩០$សហរដ្ឋអាមេរិច។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឱ្យដឹងថា៖ រយៈកន្លងមកប្រជាជនរស់នៅលើទឹកដីនៃកោះតៃវ៉ាន់ តាមការគៀងគរមូលនិធិពីអង្គការគ្រួសារកុមារអភិវឌ្ឍន៍ប្រចាំកម្ពុជា ដែលមានលោកស្រី យ៉ាំង អ៊ួយលីន ជានាយិការ តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅលើវិស័យមួយចំនួនរួមមានផ្នែកមនុស្សធម៌ អប់រំសិក្សា ជាពិសេសបានជួយផ្ដល់សម្ភារៈ ថវិកា ផ្ដល់អាហារូបករណ៍ប្រគេនដល់ព្រះសង្ឃរៀងរាល់ឆ្នាំ ដើម្បីបានបន្តការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សា។
លោកបៀវ ថាន បញ្ជាក់ថា៖ក្នុងនាមព្រះមន្ត្រីសង្ឃនិងក្នុងនាមមន្ទីរធម្មការនិងសាសនាខេត្ត សូមថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអង្គការ "FRA" ជាពិសេសអរគុណដល់ប្រជាជនតៃវ៉ាន់ ដែលតែងតែជួយផ្តល់ជាថវិកា ចូលរួមនូវការខ្វះខាត លើការសិក្សាក្ដីជួបនូវគ្រោះមហន្តរាយធម្មជាតិក្ដី នេះសបញ្ជាក់ពីសក្ដីភាពដ៏ល្អប្រពៃ របស់ប្រជាជនតៃវ៉ាន់ ទោះបីយើងជាតិសាសន៍ខុសគ្នាក្ដី។
ជាចុងក្រោយលោក ប្រធានមន្ទីរ ក៏បានធ្វើការផ្តាំផ្ញើនិងពិតប្រគេនដល់ព្រះតេជគុណ ទាំងអស់ដែលបានទទួលសម្ភារៈកុំព្យូទ័រនិងម៉ាស៊ីនព្រីនធ័រ ត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្ស ប្រើប្រាស់បានយូរអង្វែងនិងយកចិត្តទុកដាក់ខិតខំរៀនសូត្រ ព្រោះថាចំណេះដឹងគឺជាទ្រព្យដ៏មហាសាលមិនអាចកាត់ថ្លៃបាន៕បន្ទាយមានជ័យ,០២/០៨/០២២=ណុប-រក្សា(២៩០១៦)