05/08/22 13:35 PM
បន្ទាយមានជ័យ៖ មន្ត្រីនគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិទាំងអស់មិនត្រូវយកអំណាច តួនាទី របស់ខ្លួនទៅគាបសង្កត់ប្រជាពលរដ្ឋ គឺត្រូវផ្តល់សេវាជូនគាត់ដោយស្មោះត្រង់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនគាត់ក្នុងមូលដ្ឋាននិងការពារបូរណភាពទឹកដីនិងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់។នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានធ្វើសេចក្តីរាយការណ៍ថា៖ក្នុងរយៈពេល០៦ ឆ្នាំ២០២២នេះ បទល្មើសព្រហ្មទណ្ឌកើតមាន៤១លើកលើ៥៤លើកថយចុះ ២៤% បណ្តាលឲ្យស្លាប់០៧នាក់ របួស១៩នាក់ រងគ្រោះ១៨នាក់ បាត់ម៉ូតូ០៨គ្រឿង ក្នុងនោះបទល្មើសឧក្រិដ្ឋ១២លើ១៥ករណី ថយចុះ២០%,បទល្មើសមជ្ឈឹម២៩លើ៣៩ករណី ថយចុះ២៦% ។ចេញបង្ក្រាប ៣១លើ៤១លើក ស្មើនឹង៧៦% ឃាត់ខ្លួន៤៥នាក់ ដកហូតម៉ូតូ១៤គ្រឿងនិងសម្ភារៈមួយចំនួន។ បទល្មើស គ្រឿងញៀនខុសច្បាប់ បង្ក្រាបបាន១១៥លើក លើ១៩៨លើក ឃាត់ខ្លួន២៤៤នាក់ ស្រី១៤នាក់ ក្នុងនោះ ករណីជួញដូរនិងចែកចាយ៦៥លើ ជនសង្ស័យ១៥៨នាក់ ស្រី១២២នាក់,ករណីប្រើប្រាស់៥០លើក ជនសង្ស័យ ៨៦នាក់ ស្រី០២នាក់ ដកហូតវត្ថុតាង ថ្នាំញៀន(WY) ចំនួន៣៤៣.១៩ក្រាម,ម៉ាទឹកកក( Ice ) ចំនួន ៣,៧៦៧.៦១ក្រាម ,ម៉ូតូ០៩គ្រឿង,ទូរសព្ទដៃ១២១គ្រឿង,កាំភ្លើងខ្លី០៣ដើម,កាំបិទ១៩ដើម,ជញ្ជីង១០គ្រឿង,លុយខ្មែរ៣៦០,០០០រៀលនិងឧបករណ៍សម្ភារៈមួយចំនួនទៀត ។ថ្ងៃនេះកម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានប្រកាសផ្ទេភារកិច្ច តែងតាំងមុខនិងបំពាក់ឋានន្តរស័ក្តិនាពេលនេះ ចំនួន២១៨រូប ក្នុងនោះប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមានចំនួន៨២រូប និងបំពាក់ឋានន្តរស័ក្តិថ្នាក់វរសេនីយ៍ទោចំនួន៦១រូប ថ្នាក់វរសេនីយ៍ត្រីចំនួន៧៣រូប និងថ្នាក់អនុសេនីយ៍ឯកចំនួន២រូប។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលឹក បានថ្លែងនូវការកោតសសើរចំពោះកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងអធិការនគរបាលស្រុក/ក្រុងទាំង០៩ វរសេនាតូចនគរបាលការពារព្រំដែនគោកទាំង០៤ រយៈពេលកន្លងមកបានខិតខំយកចិត្តទុកដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ និងជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលជួបការលំបាករងគ្រោះដោយគ្រោះធម្មជាតិកន្លងមក ដូចជាគ្រោះទឹកជំនន់និងខ្យល់កន្ត្រាក់ជួយដឹកទឹកជូនប្រជាពលរដ្ឋនៅរវដូវរាំងស្ងួតនិងជួយប្រមូលផលស្រូវជូនប្រជាកសិករ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការរង បានមានប្រសាសន៍បន្តថា៖ កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយទទួលភារកិច្ចនិងបំពាក់ឋានន្តរស័ក្តិហើយត្រូវធ្វើការងារបម្រើប្រជាពលរដ្ឋនិងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងបន្តជួយដល់ប្រជាពលរដ្ឋនៅពេលរងគ្រោះដោយឧប្បត្តិវហេតុផ្សេងៗ ។បន្តផ្សព្វផ្សាយពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងផ្ត់សេវារដ្ឋបាលជូនគាត់ឲ្យបានទាន់ពេលវេលា ។មួយវិញទៀត កងកម្លាំងនគរបាលនៃវរសេនាតូចទាំង០៤ ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់ការពារបូរណភាពទឹកដីការពារសន្តិសុខជូនប្រជាពលរដ្ឋនៅតាមព្រំដែននិងទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ៕បន្ទាយមានជ័យ,០៥/០៨/០២២=ណុប-រក្សា(២៩០១៦)