09/08/22 15:19 PM
ព្រៃវែង៖ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចំនួន១ខ្សែ ប្រវែង១០ គីឡូ ៦៧៩ ម៉ែត្រ ដែលឆ្លងកាត់ចំនួន ៣ ឃុំ គឺឃុំជីផុច ឃុំរំដេង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង និងតភ្ជាប់ព្រុំប្រទល់ស្រុករមាសហែក ខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង។
នៅក្នុងឱកាសនោះ លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានលើកឡើងថា ក្រោមការដឹកនាំដ៏ប៉ិនប្រព្វរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះដោយបានការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ការគាំទ្រគម្រោងផ្លូវជាច្រើនខ្សែសម្រាប់អភិវឌ្ឍន៍ក្នុង ខេត្តព្រៃវែង ដោយសម្រេចបាននូវសក្ដិទ្ធផលធំៗជាច្រើន ដើម្បីដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់របស់ បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋានក្នុងខេត្ត ដែលកំពុងជួបការលំបាក ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផ្លាស់ប្តូរទំនិញគ្រប់ប្រភេទដោយងាយស្រួល ជាពិសេសគោលដៅតភ្ជាប់ផ្លូវពីទីប្រជុំជននៅជនបទ ក្នុង ការរួមចំណែកលើកកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង។ ទាំងនេះជាក្តី សង្ឃឹបដ៏ពិតប្រាកដនៅក្នុងមោទនៈភាព និងកាន់តែមានជំនឿជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល របស់សម្តេចអគ្គមហាសនាបតីគេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីជម្រុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច សំដៅរក្សាបានសុខសន្តិភាព ធានាបាននិរន្តរភាព និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ពិធីបើកការដ្ឋាន ស្ថាបនាផ្លូវកៅស៊ូ និងបេតុង ចំនួន ១ ខ្សែ ប្រវែង ១០ គីឡូ ៦៧៩ ម៉ែត្រ ដោយតភ្ជាប់ពីឃុំជីផុច ដល់ឃុំរំដេង និង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាព ផលិតភាពជនបទ ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (Asian Infrastructure Investment Bank- AIIB) នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តថា គម្រោងនេះ នឹងប្រើប្រាស់រយៈពេលសាង សង់ចំនួន ១២ ខែ ដោយគិតចាប់ពីថ្ងៃបើកការដ្ឋាននេះរហូតដល់ដំណាច់ខែកក្កដា ឆ្នាំ២០២៣ ដែលទទួល កិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន BORE KHMER CONSTRUCTION DEVELOPMENT CO., Ltd ក្នុង ទឹកប្រាក់ចំនួន ១ ,៩១១ ,៨០០.៩៦( មួយលាន ប្រាំបួនសែន មួយម៉ឺន មួយពាន់ ប្រាំបីរយ ចុចកៅសិបប្រាំមួយ ដុល្លារអាមេរិក)។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា គម្រោងស្ថាបនាផ្លូវដែលកំពុងប្រារព្ធពិធីបើកការដ្ឋាននាពេលនេះ គឺជាផ្នែក មួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានងើបឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា៖ ផ្លូវប្រវែង ១០គីឡូ ៦៧៩ ម៉ែត្រ នឹងត្រូវកែលម្អឡើងវិញ ក្នុងនោះផ្លូវប្រវែង ៩គឺឡូ ២៧៩ ម៉ែត្រ ត្រូវចាក់កៅស៊ូពីរជាន់(DBST) និងនៅសល់ប្រវែង ១ គឺឡូ ៤០០ ម៉ែត្រ ត្រូវចាក់បេតុង ដោយមានទទឹង ៨ ម៉ែត្រ ចិញ្ចើមផ្លូវសងខាង ២ ម៉ែត្រ ចែកជា ២ គន្លង សម្រាប់ធ្វើចរាចណ៍៕