10/08/22 09:19 AM
(ខេត្តស្វាយរៀង): លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ បានក្រើនរំលឹក និងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់កុំសាងសង់សំណងនៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាតនិងទីក្រុងមានសោភណ្ឌភាពល្អ ពីព្រោះថាសំរាមគឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីនៅក្នុងអង្គវេទិការសាធារណៈជួបជាមួយប្រជាពលរដ្ឋ នៅក្នុងវត្តព្រៃអង្គុញ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែរមានការចូលរួមពីលោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិតផងដែរ។
លោកអភិបាលក្រុង បានមានប្រសាសន៍បន្តទៀតថាៈ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឲ្យប្រទេសជាតិមានការរីចំរើនលើគ្រប់វិស័យ ជាពិសេសនាពេលកន្លងទៅថ្មីៗនេះប្រទេសកម្ពុជាយើង បានសម្រុកចាក់វ៉ាក់សាំងបានទូទាំងប្រទេសដោយមានដូសទី១ ទី២ ទី៣ និងដូសជំរុញបន្តបន្ទាប់ទៀត ហើយនាពេលបច្ចុប្បន្ននេះនៅតាមមាត់ច្រកទ្វារព្រំដែនក៏បានបើកឲ្យដំណើរការមានការចេញចូលនូវទំនិញគ្រប់ប្រភេទដើម្បីឲ្យសេដ្ឋកិច្ចបានដំណើរការឡើងវិញទាំងនេះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។
លោក លឹម សៀងហេង.បានមានប្រសាសន៍សង្កត់ធ្ងន់ថាៈ សូមឲ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅមូលដ្ឋានត្រូវចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យសមិទ្ធផលផ្សេងៗដែលបានកកើតឡើងហើយនោះនៅរក្សាស្ថិតស្ថេរប្រើប្រាស់បានយូរអង្វែង ទាំងការផ្តល់សេវាសាធារណៈផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ក៏ដូចជាការដោះស្រាយវិវាទនៅមូលដ្ឋាននៅក្រៅប្រព័ន្ធតុលាការដោយមានឆន្ទៈចូលរួមដោះស្រាយទាំងអស់គ្នា (ទាំងសងខាង) ដោយពុំចាំបាច់មានការប្តឹងផ្តល់ទៅតុលាការនោះទេគឺដោះស្រាយនៅថ្នាក់.ភូមិ ឃុំ .សង្កាត់. ស្រុក.ក្រុង.ខេត្ត ជាដើម។
ក្រៅពីនេះយើងទាំងអស់គ្នាត្រូវឆ្លើយតបឲ្យបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅមូលដ្ឋាន មានជាអាថ៌ គ្រោះធម្មជាតិ. ជំងឺដង្កាត់ផ្សេងៗ
បញ្ហាសត្វពាហៈហនៈរបស់ប្រជាពលរដ្ឋដែលចិញ្ចឹមហើយព្រលែងពាសវាលពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយដែលកើតមានឡើងនៅមូលដ្ឋាន៕
ដោយ:PK