10/08/22 12:16 PM
ព្រះសីហនុ៖ ឯកឧត្ដម នី ផល្លី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឆ្ពោះទៅការរៀបចំពិធីបុណ្យសមុទ្រ និងមហាសន្និបាត "ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក" ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត រដ្ឋាលក្រុងស្រុក រួមទាំងសភាពាណិជ្ជកម្មខេត្តព្រះសីហនុ និងប្រតិបត្តិករទេសចរណ៍តំបន់ឆ្នេរក្នុងខេត្តផងដែរ។
ការមានប្រសាសន៍លើកឡើងបែបនេះគឺធ្វើឡើងនាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ហើយឯកឧត្ដម នី ផល្លី មានប្រសាសន៍បន្ថែមទៀតដែលថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយដ៏ជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងប្រទេស បង្កើនភាពសាំក្នុងសហគមន៍ និងឈានទៅការបើកដំណើរការប្រទេសឡើងវិញក្នុងគ្រប់វិស័យ រួមទាំងវិស័យទេសចរណ៍ផងដែរ។ ប្រការដ៏សំខាន់នេះបានធ្វើឱ្យប្រទេសកម្ពុជាត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះក្នុងការៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក ដែលនឹងប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ ក្នុងអំឡុងខែធ្នូ ឆ្នាំ២០២២ នាពេលខាងមុខ អមជាមួយនឹងពិធីបុណ្យសមុទ្រ។
នាឱកាសនោះដែរ ឯកឧត្តមបានមានប្រសាសន៍ទៀតដែរថា កម្ពុជាត្រៀមខ្លួនរួចរាល់ក្នុងការរៀបចំព្រឹត្តការណ៍ដ៏ធំទាំងពីរខាងលើនេះ។ លោក នី ផល្លី បានវាយតម្លៃខ្ពស់ និងផ្តាំផ្ញើដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានមន្ទីរ និងអង្គភាពជំនាញនានាជាសេនាធិការ ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងកាន់តែសកម្មចុះផ្សព្វផ្សាយ អប់រំ និងត្រៀមការងារមួយចំនួនដូចជា៖
ទី១. បន្តជំរុញនិងលើកកម្ពស់ការរៀបចំទីក្រុងឱ្យបានស្អាត រួមទាំងគោលដៅទេសចណ៍សំខាន់ៗ និងគ្រប់ឆ្នេរខ្សាច់កម្សាន្តទាំងអស់នៅក្នុងខេត្តព្រះសីហនុ។
ទី២. បន្តពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ និងផលិតផលទេសចរណ៍ប្រកបដោយគុណភាពនិងភាពកក់ក្តៅ។
ទី៣. ជំរុញដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងស្តង់ដាប្រតិបត្តិអប្បបរមា (SOP) និងវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន សំដៅលើកកម្ពស់កិត្យានុភាពខេត្តព្រះសីហនុ ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
ទី៤. ពង្រឹងគុណភាព និងសុវត្ថិភាពសេវាកម្មដឹកជញ្ជូនទេសចរណ៍ទាំងផ្លូវទឹក និងផ្លូវគោក។
ទី៥. ជំរុញនិងលើកទឹកដល់គ្រប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងការគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក ដូចជាបន្លែផ្លែឈើ សាច់ និងផលិតផលផ្សេងៗទៀត។
ទី៦. បង្កើនការបើកវគ្គបណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដើម្បីធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាព និងបដិសណ្ឋាកិច្ចល្អ។
ទី៧. ជំរុញការរៀបចំព្រឹត្តការណ៍ឱ្យបានច្រើន រួមទាំំងព្រឹត្តការណ៍ទេសចរណ៍ កីឡា និងព្រឹត្តការណ៍ពិព័ណ៌ទេសចរណ៍នានា។
ទី៨. រៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍តម្លៃសមរម្យ ចាប់ពីការស្នាក់នៅ ម្ហូបអាហារ និងការធ្វើដំណើរជាដើម ដើម្បីទាក់ទាញភ្ញៀវទេចរមកខេត្តព្រះសីហនុកាន់តែច្រើន។
ទី៩. ចូលរួមផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដោយចាប់ផ្តើមពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ទីរជំនាញពាក់ព័ន្ធរហូតដល់រដ្ឋបាលខេត្ត។
ទី១០. ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ចុះដល់គ្រប់ទីតាំងមូលដ្ឋានអាជីវកម្ម ដើម្បីក្តាប់នូវបញ្ហាប្រឈម និងឈានទៅរកដំណោះស្រាយជាក់ស្តែង និងក្នុងករណីចាំចាច់ ត្រូវស្នើសុំជំនួយបច្ចេកទេសពីក្រសួងជំនាញពាក់ព័ន្ធ ដើម្បីធានាដល់និរន្តរភាព នៃការអភិវឌ្ឍវិស័យទេសចរណ៍ និងឈានទៅជំរុញដល់កំណើនសេដ្ឋកិច្ចមូលដ្ឋាន។
គួររំលឹកផងដែរថា តាមរយៈលិខិតលេខ ២១៤ សជណ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្រ្តី រាជរដ្ឋាភិបាលសម្រេចជាគោលការណ៍កំណត់កាលបរិច្ឆេទរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើពិភពលោក ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ហើយឯកឧត្តមក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែបន្តពង្រឹងរក្សាសន្តិសុខសុវត្ថិភាពសាធារណៈ ដើម្បីឱ្យថ្ងៃប្រព្រឹត្តនៃកម្មវិធីប្រកបដោយភាពរលូន៕ អត្ថបទ: ប្រសិទ្ធ