10/08/22 13:49 PM
កំពង់ចាម៖ ឯកឧត្តម ខ្លូត ចិន្ដា អភិបាលរងខេត្តកំពង់ចាម បានស្នើដល់មន្រ្តីអប់រំទាំងអស់ ឲ្យារួមគ្នាពិភាក្សា រិះរក និងកំណត់អំពីតួនាទីរបស់អ្នកពាក់ព័ន្ធចាប់ពីថ្នាក់ខេត្ត រហូតដល់ថ្នាក់ស្រុក ឃុំ កម្រង សាលារៀន និងគណៈគ្រប់គ្រងសាលារៀន និងបង្កើតយន្តការនានា ឬពង្រឹងយន្តការដែលមានស្រាប់នៅថ្នាក់ ឃុំ និងសាលារៀន ដើម្បីអនុវត្តឲ្យមានភាព ស៊ីចង្វាក់ និងប្រទាក់ក្រឡាគ្នា ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅនឹងករណីហិង្សាលើកុមារឲ្យបានទាន់ពេលវេលា។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំចាប់ផ្ដើមអនុវត្តគម្រោងលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ។
ក្នុងពិធីនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានលេីកឡេីងថា បញ្ហាអំពើហិង្សាក្នុង គ្រួសារ ក្នុងសង្គម ការរំលោភបំពាន និងកេងប្រវ័ញ្ចនានា គ្រប់ទម្រង់ និងគ្រប់រូបភាព នៅតែជាបញ្ហាចោទ ជាពិសេសនៅតាមសហគមន៍។ ចំពោះអំពើហិង្សាលើកុមារក្នុងសហគមន៍ ក៍ដូចកុមារនៅតាមសាលារៀន នៅតែកើត មានជាហូរហែ ទោះមានករណីច្រើនក្តី តិចក្តីនៅតាមតំបន់ខុសៗគ្នា។ ករណីនេះ ធ្វើឲ្យប៉ះពាល់ដោយ ផ្ទាល់ដល់ សុខភាព ការអភិវឌ្ឍរាងកាយ បញ្ញា ស្មារតី និងការអប់រំរបស់កុមារក្នុងបច្ចុប្បន្ន និងប៉ះពាល់ ដល់ការអភិវឌ្ឍប្រកបដោយសក្តានុពលរបស់កុមារនៅពេលពេញវ័យនាថ្ងៃអនាគត។
ជាមួយគ្នានោះ ឯកឧត្ដម ខ្លូត ចិន្ដា ក៏បានសម្តែងនូវការអបអរសាទរចំពោះវត្តមានគម្រោង “លុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងសាលារៀន" ក្នុងខេត្តកំពង់ចាម ដែលឧបត្ថមថវិកា ដោយក្រសួងការបរទេសជប៉ុន និងអនុវត្តដោយអង្គការសង្គ្រោះកុមារ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានអនុវត្តនៅសាលាបឋមសិក្សាគោលដៅទាំង៤៣ ស្ថិតក្នុងកម្រងទាំង៨ នៃស្រុកកងមាស ខេត្តកំពង់ចាម គឺពិតជាបានរួមចំណែកដល់កិច្ច ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្ទីរអប់រំ ការិយាល័យអប់រំ និងភាគីពាក់ព័ន្ធនានា នៅថ្នាក់ក្រោមជាតិ ដើម្បីសម្រេចឲ្យបាននូវការលើកកម្ពស់ការគោរពសិទ្ធិកុមារ និងឈានសម្រេចឲ្យកុមារ ទទួលបានការអភិវឌ្ឍប្រកបដោយសក្តានុពល នៅពេលពេញវ័យ ៕