11/08/22 10:07 AM
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាទស្នើដល់សិក្ខាកាមដែលជាគ្រូបង្គោល ត្រូវយប់ចិត្តទុកដាក់ក្នុងការបង្ហាត់បង្ហាញបន្តដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានសមត្ថភាពយកទៅបំរើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល គ្រូបង្គោលមកពី២៥ រាជធានី-ខេត្ត សម្រាប់តម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតថ្មី នៅសាលាខេត្តកណ្ដាលនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តមអភិបាលខេត្ត បន្តថា វគ្គបណ្តុះបណ្តាលគ្រូបង្គោលវគ្គតម្រង់ទិសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី អាណត្តិទី៥ គឺមានសារៈសំខាន់ណាស់ ក្នុងការផ្ដល់នូវចំណេះដឹង ជំនាញ និងបទពិសោធន៍ថ្មីៗបន្ថែមទៀតដល់លោក លោកស្រីដែលជាគ្រូបង្គោល ដែលអញ្ជើញមកពីរាជធានី ខេត្តទាំង២៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងមេរៀនទិដ្ឋភាពទូទៅ, រចនាសម្ព័ន្ធតួនាទី ភារកិច្ច ខ្សែគណនេយ្យភាព និងទំនាក់ទំនងអន្តររដ្ឋបាល, ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់មុខតំណែ, កិច្ចប្រជុំក្រុមប្រឹក្សា, ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល, ការផ្តល់សេវាសាធារណៈ , កិច្ចការរដ្ឋបាល, ការគ្រប់គ្រងបុគ្គលិក, និងការគ្រប់គ្រងហិរញ្ញវត្ថុ។
ថ្លែងក្នុងពិធីនេះដែរ លោក លីម ពុធារី ប្រធាននាយកដ្ឋានបណ្តុះបណ្តាល នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន បានមានប្រសាសន៍ថា សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសគឺមានចំនួនជាង ១ម៉ឺននាក់ ក្នុងនោះសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ដែលទើបជាប់ឆ្នោតថ្មី និងមិនដែលបានជាប់ឆ្នោតពីមុននោះគឺមានចំនួនជាង ៥ពាន់នាក់ ដូច្នេះវគ្គសិក្សានេះគឺ មានសារៈសំខាន់ណាស់សម្រាប់គ្រូបង្គោលយកទៅ តម្រង់ទិសដល់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមិនទាន់មានបទពិសោធក្នុងការងារ សំដៅជួយពង្រឹងសមត្ថភាព ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ថ្មី អាចអនុវត្តតួនាទី និងភារកិច្ចក្នុងការឆ្លើយតបនឹងតម្រូវការចាំ បាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាពដើម្បីឈានឆ្ពោះទៅរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងវគ្គសិក្សានេះគឺមានរយៈពេល ២ថ្ងៃ ដោយមានសិក្ខាកាមចូលរួមសិក្សាដើម្បីក្លាយជាគ្រូបង្គោលចំនួន ៩៤នាក់ ស្រី ១៤នាក់ មកពី២៥ រាជធានី-ខេត្ត ទូទាំងប្រទេស ។ សូមជម្រាបបន្ថែមថា ក្រុមប្រឹក្សាឃុំ-សង្កាត់នៅក្នុងខេត្តកណ្តាលមានចំនួន ៩១៥នាក់ ស្រីចំនួន១៨៨ នាក់ និងមានគ្រូបង្គោលសម្រាប់ចុះតម្រងទិស ដល់ក្រុមប្រឹក្សាឃុំ-សង្កាត់ដែលជាប់ឆ្នោតថ្មីចំនួន ២រូបផងដែរ។