11/08/22 10:50 AM
នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកសិក្ខាសាលាស្តីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មេឃុំ និងមន្រ្តីពាក់ព័ន្ធផងដែរ។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ឃុំ-សង្កាត់ សម្រាប់ធ្វើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានរបស់ខ្លួនអោយមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មន្ទីរផែនការខេត្ត សហការជាមួយទីចាត់ការផែនការ វិនិយោគ ដើម្បីរៀបចំផែនការវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥) ក្រុង-ស្រុក.ឃុំ សង្កាត់ ទូទាំងខេត្ត ដោយឡែកក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាមក៏បានរៀបចំសិក្ខាសាលានេះឡើងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្តកំពង់ចាម បានលើកឡើង នូវចំណុចខំខាន់ៗ ចំនួន៤ ដើម្បីធ្វើឱ្យសិក្ខាកាមមានស្មារតី រួមគ្នាក្នុងការអនុវត្តផែនការវិនិយោគ៣ឆ្នាំរំកិលនេះអោយបានល្អគឺ៖
១- មន្ទីរជំនាញ អង្គការនានា ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្ដោះអាសន្នក្នុងសិក្ខាសាលាសមាហរណកម្ម ឆ្នាំ២០២១កន្លងទៅ សូមធ្វើការពិនិត្យលើគម្រោងណាមិនទាន់បានអនុវត្ដ គម្រោងណាបានអនុវត្ដរួច ដើម្បីបង្កើនការសហការផ្ដល់ព័ត៌មានពីការអនុវត្ដដល់ឃុំ-សង្កាត់ ។
២- មន្ទីរ អង្គភាពដែលជាស្ថាប័នរបស់រដ្ឋឈានមុខក្នុងការផ្ដល់សេវារបស់ខ្លួន ស្របតាមគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ផ្ដល់ការគាំទ្រដល់គម្រោងអាទិភាពឃុំ-សង្កាត់។ សូមប្រើប្រាស់ឲ្យអស់លទ្ធភាពធនធានផ្សេងៗដែលបាន ពីថ្នាក់ជាតិតាមរយៈក្រសួងសាមី ឬធនធានមកពីអង្គការជាតិ អន្ដរជាតិ សប្បុរសជន និងប្រភពផ្សេងៗ ដើមី្បគាំទ្រគម្រោងអាទិភាពរបស់ឃុំ-សង្កាត់ នៅក្នុងសិក្ខាសាលានេះ។ មន្ទីរជំនាញក៏ត្រូវបង្ហាញពីគោលនយោបាយជំនាញរបស់ខ្លួន សម្រាប់ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីឲ្យក្រុង-ស្រុក និងឃុំ-សង្កាត់ រៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគមានសង្គតិភាព ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ និងផែនការអភិវឌ្ឍន៍របស់វិស័យជំនាញ។ កន្លងមកយើងបានសង្កេតឃើញថា មន្ទីរជំនាញគាំទ្រគម្រោង សកម្មភាពរបស់ឃុំ-សង្កាត់ នៅក្នុងសិក្ខាសាលាសមាហរណកម្មមានកម្រិតនៅឡើយ ដូចនេះសំណូមពរឲ្យមន្ទីរ អង្គភាពជំនាញ ខិតខំគាំទ្រគម្រោងឃុំ-សង្កាត់ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាជននៅមូលដ្ឋាន។
៣- សំណូមពរដល់អង្គការជាតិ អន្ដរជាតិ ដែលជាដៃគូអភិវឌ្ឍន៍ សូមពិនិត្យលើសកម្មភាពជាអាទិភាពរបស់ប្រជាជននៅមូលដ្ឋាន ដើម្បីបង្កើនការគាំទ្រគម្រោងវិនិយោគរបស់ឃុំ-សង្កាត់ នៅតាមទីតាំងគោលដៅអភិវឌ្ឍន៍របស់ខ្លួន ។
៤- សូមយកវេទិកានេះធ្វើការពិភាក្សាគ្នាទៅវិញទៅមករវាងឃុំ-សង្កាត់ និងមន្ទីរ-អង្គភាព អង្គការជាតិ អន្ដរជាតិ ឲ្យបានច្បាស់លាស់ ដើម្បីធ្វើការចរចាររកអ្នកគាំទ្រ ហើយឈានដល់ការចុះកិច្ចព្រមព្រៀងបណ្ដោះអាសន្ន សម្រាប់អនុវត្ដគម្រោងនៅឆ្នាំ២០២៣។
ឯកឧត្តម ក៏បានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សប្បុរសជន លោក-លោកស្រីមេឃុំ-ចៅសង្កាត់ ស្មៀនឃុំ-សង្កាត់ទាំងអស់ដែលបានចូលរួមយ៉ាងសកម្មក្នុងសិក្ខាសាលាសមាហរណកម្មនេះ និងសូមថ្លែងអំណរគុណចំពោះ ក្រុមប្រឹក្សាក្រុង-ស្រុក គណៈអភិបាលក្រុង-ស្រុក មន្ទីរផែនការខេត្ត ទីចាត់ការផែនការ និងវិនិយោគដែលបានសម្របសម្រួល រៀបចំសិក្ខាសាលានេះទទួលបានជោគជ័យ។