16/08/22 14:50 PM
សៀមរាប៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល និងសិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។
ឧត្តមសេនីយ៍ទោ សាយ រិទ្ធីសក្ដិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គពិធីថា ដោយមានការគាំទ្រ និងឧបត្ថម្ភពីសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមនុញ្ញផលនៃសុខសន្តិភាព បច្ចុប្បន្នសាលានគរបាលជាតិភូមិភាគ៤ មានអគាររដ្ឋបាលកម្ពស់១ជាន់ចំនួន១ខ្នង អគារសិក្សាកម្ពស់១ជាន់ចំនួន១ខ្នង អគារស្នាក់នៅកម្ពស់១ជាន់ចំនួន៣ខ្នង អគារអាហារដ្ឋានកម្ពស់១ជាន់ចំនួន១ខ្នង និងរបងព័ទ្ធជុំវិញហើយ។
លោកបន្តថាដើម្បីបំពេញបន្ថែមតម្រូវការបណ្ដុះបណ្ដាល សម្ដេចក្រឡាហោម ស ខេង បានផ្ដួចផ្ដើមគំនិតឱ្យមានការចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបន្ថែមពីឯកឧត្តមអភិបាលខេត្ត និងសប្បុរសជន ហើយជាលទ្ធផលអភិបាលខេត្តសៀមរាបបានជួយស្ថាបនាផ្លូវបេតុងប្រវែង១៩០០ម៉ែត្រ និងប្រព័ន្ធលូបង្ហូរទឹកប្រវែង៥០០ម៉ែត្រ ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានបានជួយសាងសង់ឡដុតសំរាមខ្នាតមធ្យម។ លោកក៏បានរាយការណ៍សំណើមួយចំនួនគោរពជូនសម្ដេចអធិបតីផងដែរ។
លោកនាយកបន្តថាសាលានគរបាលជាតិភូមិភាគ៤ បានបណ្ដុះបណ្ដាលមន្រ្តីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្តចំនួន៤ រួមមានសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ ដោយរហូតដល់ពេលនេះបានបណ្ដុះបណ្ដាលកងកម្លាំងសរុបចំនួន២៥៦៨នាក់ នារី២៩៦នាក់ ហើយនៅឆ្នាំ២០២២ សាលាបានបញ្ចប់វគ្គបណ្ដុះបណ្ដាល នគរបាលលើកទី១ និងកំពុងបណ្ដុះបណ្ដាលលើកទី២ ចំនួន១៣៤នាក់។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ភ្លាមៗអំពីការយកចិត្តទុកដាក់ចំពោះតម្រូវការអាទិភាពរបស់សាលានគរបាលជាតិភូមិភាគ៤ ដែលរាយការណ៍ដោយនាយកសាលា។ សម្ដេចបានប្រកាសសម្រេចផ្ដល់អគារសិក្សាចំណុះសិស្ស៣០០នាក់ ដោយបានណែនាំឱ្យមន្រ្តីពាក់ព័ន្ធរៀបចំសិក្សាប្លង់អគារសិក្សានេះ ដើម្បីឈានទៅចាប់ផ្ដើមការសាងសង់ឱ្យបានឆាប់រហ័ស។
ចំពោះការខ្វះខាតកន្លែងបាញ់ស៊ីបគ្រាប់ពិតវិញ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្រ្តីជំនាញបន្តរៀបចំប្លង់គម្រោងដើម្បីសម្ដេចពិនិត្យសម្រេចឈានទៅសាងសង់ជូន ខណៈតម្រូវការរថយន្តប្រើប្រាស់ សម្ដេចក៏បានសម្រេចផ្ដល់ជូនមួយគ្រឿងសិន។ ចំពោះអគារស្នាក់នៅគ្រូនិងមន្រ្តី សម្ដេចក្រឡាហោម ក៏បានទទួលយកសំណើពីសាលា និងណែនាំឱ្យសិក្សាប្លង់រួមដើម្បីសាងសង់ជាមួយគ្នានឹងអគារសិក្សាតែម្ដង។
ភ្ជាប់នឹងការបញ្ជាក់ជូនតាមសំណើរបស់សាលានគរបាលជាតិភូមិភាគ៤ខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងក្ដីសង្ឃឹមថាសិស្សនគរបាលជាតិទាំងអស់ដែលកំពុងសិក្សានៅទីនេះ នឹងសម្រេចបានបេសកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយចាត់ទុកការសិក្សារៀនសូត្រនេះថាជាបេសកកម្មបម្រើជាតិ បម្រើប្រជាពលរដ្ឋ។ សម្ដេច ក៏បានថ្លែងលើកទឹកចិត្តថ្នាក់ដឹកនាំ គ្រូ និងបុគ្គលិកសាលានគរបាលជាតិភូមិភាគ៤ បន្តការខិតខំបណ្ដុះបណ្ដាលធនធានកងកម្លាំងនគរបាលជាតិប្រកបដោយគុណភាពបន្ថែមទៀត។
សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់ជាថ្មីទៀតអំពីទិសដៅក្រសួងមហាផ្ទៃ ក្នុងការកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិទៅរៀននៅក្រៅប្រទេស និងការបណ្ដុះបណ្ដាលគ្រូនគរបាលបន្តវេនបន្ថែមទៀត ដើម្បីពង្រឹងការបណ្ដុះបណ្ដាលកងកម្លាំងក្របខ័ណ្ឌថ្មី និងមន្រ្តីនគរបាលជាតិឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបម្រើជាតិ និងបម្រើប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល និងផែនការកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍សិស្សនគរបាលកត់សម្គាល់អំពីបទល្មើសប្រឈមៗក្នុងសង្គម និងងាយបង្កគ្រោះថ្នាក់ដល់ប្រទេសជាតិ ពិសេសបទល្មើសគ្រឿងញៀន។ សម្ដេចក៏បានបញ្ជាក់អំពីទិស្លោក៣កុំ ១រាយការណ៍ រួមមាន កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង១រាយការណ៍ ត្រូវរាយការណ៍ ផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច។
ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម បានបន្តមានប្រសាសន៍អំពីសារៈសំខាន់នៃការការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការអនុវត្តសាកល្បងការអនុវត្តទោសក្រៅពន្ធនាគារ និងការធ្វើកំណែទម្រង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ពិសេសការរំលែកក្របខ័ណ្ឌមន្រ្តីមកឱ្យអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់។ សម្ដេចក៏បានស្នើរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ បន្តផ្ដល់ការគាំទ្រដល់កម្លាំងប្រជាការពារ ដែលជាកម្លាំងរួមចំណែកពង្រឹងការងារសន្តិសុខនៅតាមមូលដ្ឋាន ជាមួយនឹងប៉ុស្តិ៍រដ្ឋបាល៕