16/08/22 15:04 PM
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី១៥ ខែសីហា រដ្ឋបាលខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ បានជួបប្រជុំថ្នាក់ខេត្តជាប់ព្រំដែននៃប្រទេសទាំង២ ធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំនេះភាគីនៃខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មានការចូលរួមពីលោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ។ ដោយឡែកភាគីថៃដឹកនាំដោយលោកបរិនញ៉ា ពោធីសាធ អភិបាលខេត្តស្រះកែវ នៃព្រះរាជណាចក្រថៃ រួមនឹងប្រតិភូអមដំណើរ។
នៅក្នុងកិច្ចប្រជុំនោះដែរ ភាគីនៃខេត្តជាប់ព្រំដែនប្រទេសទាំង២ បានប្តេជ្ញាបន្តរក្សាចំណងសម្ព័ន្ធមេត្រីរវាងគ្នានិងគ្នា តាមរយៈប្រទេសជិតខាងល្អ បន្តបង្កើនកិច្ចសហប្រតិបត្តិការត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ព្រំដែនឱ្យបានស្របតាមច្បាប់នៃប្រទេសទាំង២ ដើម្បីទប់ស្កាត់នៃការរត់ពន្ធឆ្លងដែន។ រួមគ្នាដោះស្រាយបញ្ហាឆ្លងដែនខុសច្បាប់ ដោយអាជ្ញាធរភាគីទាំង២ នឹងធ្វើការដោយឈរលើមូលដ្ឋាននៃការយោគយល់គ្នា និងស្របតាមគោលការណ៍មនុស្សធម៌ គោលការណ៍អន្តរជាតិ ដោយឈរលើមូលដ្ឋានច្បាប់ និងសណ្តាប់ធ្នាប់នៃប្រទេសនីមួយៗ ។ ជាពិសេសទប់ស្កាត់រាល់ការចរាចរណ៍គ្រឿងញៀន តាមច្រកព្រំដែន នៃប្រទេសទាំង២។
ព្រមជាមួយគ្នានោះ ភាគីទាំង២ ក៏បានឯកភាពកំណត់យកច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខ្លងឡឹក ជាច្រកសម្រាប់ប្រគល់-ទទួលពលករកម្ពុជាដែលមានបំណងវិលត្រឡប់ចូលមកព្រះរាជាណាចក្រកម្ពុជាវិញ និងបិទទីតាំងប្រគល់-ទទួលពលករ នៅច្រករបៀងអូរបីជាន់ និងបានឯកភាពគ្នា អនុញ្ញាតឱ្យរថយន្ត និងយានយន្តគ្រប់ប្រភេទនៃប្រទេសទាំង២ ដែលមានឯកសារគ្រប់គ្រាន់ អាចធ្វើដំណើរចេញ ចូលតាមច្រកទ្វារព្រំដែននៃខេត្តទាំង២ ក្រោមលក្ខខណ្ឌដូច គ្នាទៅនឹងការប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) ចាប់អនុពីថ្ងៃទី១ ខែកញ្ញា តទៅ ៕បន្ទាយមានជ័យ,១៦/០៨/០២២=ណុប-រក្សា(២៩០១៦)