17/08/22 10:35 AM
កំពង់ចាម៖ ឯកឧត្តមក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និង សម្តេច ឈឹង ប៊ុនឈា ព្រះអគ្ការធិការរង នៃអគ្គារធិការដ្ឋានពុទ្ធិកសិក្សាជាតិ រួមនិងថ្នាក់ដឹកនាំខេត្ត ជាច្រើនទៀត នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ បាននិមន្ត និង អញ្ជើញបញ្ចុះបឋមសិលា សាងសង់អគារសិក្សាថ្មី ១ខ្នង នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅក្នុងបរិវេណ វត្តសុទស្សនារាមជ្រោយថ្ម នៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ក្នុងឱកាសនោះ ព្រះសោមវេទី អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានសង្ឃដិកាថា ថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំពិធីបញ្ជុះបឋមសិលាសាងសង់ អគារពុទ្ធិកសិក្សាថ្មី ១ខ្នង ទៀត មានកម្ពស់ ៤ជាន់ ស្មើនឹង ៩បន្ទប់ និងសាលប្រជុំចំនួន ១ ។ ព្រះអង្គបញ្ជាក់ថា ពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្កើតឡើងដោយអនុក្រឹត្យលេខ ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅវត្ត សុទស្សានារាម ជ្រោយថ្ម ផ្លូវព្រះបាទសីហនុ (ជាប់មាត់ទន្លេមេគង្គ) សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជាគ្រឹះស្ថានពុទិ្ធកឧត្តមសិក្សារបស់រដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រសួងធម្មការ និងសាសនា បានដំណើរការ បណ្តុះបណ្តាលតាំងពីឆ្នាំ២០១១ មកម្ល៉េះ ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានមានប្រសាសន៍ថា ពុទ្ធិកសិក្សា បានបណ្តុះបណ្តាលព្រះសង្ឃតាំងពីធម្មវិន័យ ថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់ឧត្តមសិក្សា ជាពិសេស និស្សិតដែលក្រីក្រមិនមានលទ្ធភាព ទៅបន្តការសិក្សា នៅសាលាឯកជន ឬទៅភ្នំពេញ ។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំអស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី ក្នុងការជម្រុញ និងគាំទ្រតាមគ្រប់រូបភាពដល់ក្រសួងធម្មការ និងសាសនា ដែលបានពុះពារជំនះគ្រប់ឧបសគ្គ ក្នុងការគ្រប់គ្រង និងដឹកនាំវិស័យសាសនា ជាពិសេស ពុទ្ធិកសិក្សា ដែលមានអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ជាចំណុះក្នុងការដឹកនាំផ្ទាល់ សម្រាប់វិស័យនេះ ។
យ៉ាងណាមិញ រាជរដ្ឋាភិបាលបានខិតខំពង្រឹង និងពង្រីក វិស័យពុទ្ធិកសិក្សា ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បី ទទួលបានទាំងបរិមាណ ទាំងគុណភាព តាមរយៈ ការបញ្ចូលក្នុងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលបានចែងថា «បន្តគោរពសេរីភាពខាងជំនឿ និងសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ជាពិសេស ការបន្តពង្រឹង និងពង្រីកពុទ្ធិកសិក្សា នៅគ្រប់កម្រិត ការបោះពុម្ពផ្សព្វផ្សាយគម្ពីរដីកា ក្បួនច្បាប់នានា និងកិច្ចប្រតិបត្តិធម្មវិន័យ ព្រមទាំង គាំទ្រសកម្មភាព នៃសាសនាផ្សេងៗទៀត ក្នុងសង្គម ផងដែរ» ។
ឯកឧត្តម អ៊ុន ចាន់ដា បានលើកឡើង ផងដែរថា ការរីកចម្រើនផ្នែកពុទ្ធិកសិក្សា ដែលយើងទាំងអស់គ្នា បានឃើញដូចពេលនេះ គឺមិនត្រឹមតែកើតឡើងពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងធម្មការ និងសាសនា ឬអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិប៉ុណ្ណោះទេ ប៉ុន្តែ គឺទាមទារឱ្យមានការគាំទ្រ និងជ្រោមជ្រែងផងដែរ ពីសំណាក់ លោក លោកស្រី លោកឧកញ៉ា អង្គការជាតិ អង្គការអន្ដរជាតិ អង្គការមិនមែនរដ្ឋាភិបាល និងបណ្តាប្រទេស ជាដៃគូរអភិវឌ្ឍន៍ផងដែរ ដែលធ្វើឱ្យវិស័យអប់រំ របស់ប្រទេសកម្ពុជាយើង មានសមិទ្ធផលត្រចះត្រចង់ដូចសព្វថ្ងៃនេះ ។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការអំពាវនាវ ដល់សប្បុរសជនទូទៅ សូមបន្តចូលរួមចំណែកគាំទ្រ និងកសាងអភិវឌ្ឍន៍វិស័យពុទ្ធិកសិក្សា នៅកម្ពុជា ឱ្យបានកាន់តែប្រសើរឡើង ថែមទៀត ៕