17/08/22 13:11 PM
បន្ទាយមានជ័យ៖ កុមារា អាយុ១៤ឆ្នាំម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយនិងគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិតទៅជារបស់លេង ដូចជា ៖ ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ តេលេ( Remote) រួមនឹងរបស់លេងផ្សេងៗទៀតដូចជា ឡាន និងត្រាក់ទ័រជាដើម។
ក្មួយប្រុស លឹម វណ្ណារិទ្ធ បានប្រាប់ឲ្យដឹងថា ៖ ក្មួយមានអាយុ១៤ ឆ្នាំ រៀននៅថ្នាក់ទី៨ (D) សាលាបឋមសិក្សាសិរីសោភ័ណ ដោយសារតែមានការស្រលាញ់ និងមានចំណង់ចំណូលចិត្តតាំងពីក្មេង ក្នុងការកែច្នៃរបស់របរផ្សេងៗ ទៅជារបស់លេងដោយបានប្រើប្រាស់វត្ថុដែលគេបោះចោលមានដូចជា ៖ សំបកកេស ចានស្នោរ បំពង់បឺតជាដើម ប្រមូលយកមកកែច្នៃជាម៉ាស៊ីនច្រូត ដោយមានតេលេបញ្ជាឲ្យទៅមុខ ថយក្រោយបាន ដូចរបស់ពិតជាដើម។
ក្មួយប្រុស បានបញ្ជាក់ថា ៖ ម៉ាស៊ីន ច្រូតស្រូវខ្នាតតូច គឺផ្សំឡើងពីរបស់ អេតចាយនេះ គឺបានប្រើរយៈពេល១សប្តាហ៍ ទើបរួចរាល់បានចេញជារូបរាង និងបញ្ជាបាន ហើយបើគិតពីការចំណាយជាថវិកាអស់ប្រមាណ៤ម៉ឺនរៀលតែប៉ុណ្ណោះ។
ក្មួយប្រុស លឹម វណ្ណារិទ្ធ បានបន្ថែមថា ៖ ក្រោយបង្កើនម៉ាស៊ីនច្រូតស្រូវមួយនេះ រូបគេក៏បានបង្កើនជារបស់របរលេងផ្សេងៗទៀតដូចជា ៖ កូនឡានដឹកដី ត្រាក់ទ័រ ជាដើម។ ជាមួយគ្នានោះរូបគេក៏ចង់បង្កើនជារបស់លេងផ្សេងៗទៀត ភ្ជាប់ដោយបច្ចេកវិទ្យាថ្មីៗផងដែរ។
មួយវិញទៀតអ្វីជាបំណងប្រាថ្នារបស់ក្មួយប្រុស លឹម វណ្ណារិទ្ធ ទៅថ្ងៃអនាគតគឺចង់ទៅក្លាយជា អ្នកឌីសាញមួយរូប។បន្ទាយមានជ័យ,១៧/០៨/០២២=ណុប-រក្សា