22/08/22 09:45 AM
(ស្វាយរៀង)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែង ស្នើដល់ប្រជាពលរដ្ឋខេត្តស្វាយរៀង ដែលមានអាជីវកម្មក្នុងដៃ រាល់ការកម្ចីប្រាក់ពីធនាគារត្រូវប្រើប្រាស់ឲ្យចំគោលដៅ និងមានសមិទ្ធផលនិងប្រាក់ចំណេញមកវិញ ទើបយើងគ្មានហានិភ័យទៅថ្ងៃក្រោយ។
ការថ្លែងបែបនេះរបស់លោកឧកញ៉ា តែ តាំងប៉ បានធ្វើឡើងនៅក្នុងកម្មវិធីសិក្ខាសាលាស្តីពីការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនាសាលប្រជុំសណ្ឋាគារទន្លេវៃគោ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដោយមានការចូលរួម ពីលោក លោកស្រីជាប្រធានមន្ទីរក្នុងខេត្ត និងអ្នកដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោកបានបន្ថែមថា ពលរដ្ឋត្រូវកាត់បន្ថយការនាំចូលផលិតផលពីប្រទេសជិតខាង ហើយគាំទ្រនិងជំរុញសិប្បកម្មក្នុងស្រុកវិញ ដើម្បីឲ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពក្នុងការផលិត មានប្រាក់ចំណេញ ជាពិសេស បង្កើតការងារជូនពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។
លោកឧកញ៉ាក៏បានបន្ថែមថា គោលបំណងនៅក្នុងសិក្ខាសាលា ការកសាងអាជីវកម្មប្រកបដោយភាពជោគជ័យនេះ គឺដើម្បីគឺចង់ឲ្យសហគ្រាសធន់តូចមធ្យមរបស់យើង ជាពិសេសផ្នែកកម្មន្តសាលអ្នកផលិតឲ្យបានយល់ដឹងអំពីនីតិវិធីរដ្ឋាភិបាលដោយមានមន្ត្រីពន្ធដារ គយនិងសវនកម្មចូលរួមធ្វើបទបង្ហាញឲ្យបានយល់ដឹងពាក់ព័ន្ធទៅនឹងពន្ធដារនិងសវនកម្ម គយ ជាដើម។
លោកបានបញ្ជាក់ថា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា សូមស្នើដល់រដ្ឋបាលខេត្តរាជធានីទូទាំងប្រទេស ក៏ដូចជាខេត្តស្វាយរៀងសូមឲ្យបង្កើតតំបន់ឧស្សាហកម្មមួយ ឲ្យអ្នកផលិតបានចូលទៅក្នុងតំបន់និងងាយស្រួលក្នុងការប្រមូលផ្ដុំ ដើម្បីឲ្យរាជរដ្ឋាភិបាលលើកទឹកចិត្តគោលនយោបាយឆ្នាំ២០១៥, ២០២៥ ក្នុងការកែច្នៃផលិតផលកសិកម្មឲ្យក្លាយទៅជាផលិតផលចំណីអាហារដើម្បីឱ្យអ្នក ផលិត ក្នុងស្រុកមានប្រាក់ចំណេញបន្ថែម បើយើងមិនធ្វើអញ្ចឹងទេ យើងគិតតែនាំចូលពីក្រៅ អត់មានអ្វីជួយដល់សហគ្រាសធុនតូចនិងមធ្យមនោះទេ។ដូច្នេះសូមស្នើដល់អភិបាលខេត្តស្វាយរៀងដើម្បីរកដីមួយកន្លែង ដើម្បីបង្កើតឲ្យមានសិប្បកម្មក្នុងស្រុក ដែលវាអាចជួយដល់អ្នកផលិតបានច្រើន។
លោកបានបន្ថែមថា សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាច្រើនណាស់ ដែលកំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងមន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សា ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។ដោយមានសហការជាមួយធនាគារព្រីនស៍ ក្រុមហ៊ុនមិត្តហ្វូន និងអង្គការតម្លាភាពកម្ពុជា។
លោកបានបន្តថា សិក្ខាសាលានេះក៏មានគោលបំណងដើម្បីជួយជំរុញគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូចនិងមធ្យម ដើម្បីស្នើសុំការគាំទ្រហិរញ្ញវត្ថុ ហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិនិងធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា អង្គការក្រៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធដទៃទៀត។ សិក្ខាសាលានេះបានធ្វើរួចហើយចំនួន ២២ខេត្តនឹងបន្តធ្វើឱ្យគ្រប់ ២៥ រាជធានីខេត្ត ដើម្បីជួយឲ្យសហគ្រាសធុនតូចនិងមធ្យមទាំងអស់ទទួលបានថវិកាសម្រាប់អភិវឌ្ឍសហគ្រាសរបស់ខ្លួនផងដែរ។
លោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀងបានថ្លែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់របស់លោកឧកញ៉ាប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ដែលបានសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តរៀបចំកម្មវិធីសិក្ខាសាលានេះឡើង ដើម្បីជាប្រយោជន៍ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមនៅក្នុងខេត្តស្វាយរៀងទាំងមូល។
លោកបានបញ្ជាក់ថា នៅក្នុងខេត្តស្វាយរៀងមានសហគ្រាសធុនតូចនិងមធ្យមជាច្រើនដែលកំពុងត្រូវការចំណេះដឹងថ្មីៗបន្ថែមទៀត ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទាំងផ្នែកបច្ចេកទេសផ្នែកទីផ្សារ ក៏ដូចជាធនធានហិរញ្ញវត្ថ ដើម្បីទ្រទ្រង់និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់ឱ្យកាន់តែរីកចម្រើន។
ជាមួយគ្នានេះ លោកអភិបាលរងខេត្តស្វាយរៀងបានបានគូសបញ្ជាក់ថា សិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់ ដល់ម្ចាស់សហគ្រាសធុនតូចនិងមធ្យមទាំងអស់ នឹងបានលើកទឹកចិត្តឱ្យមានការយល់ដឹងលើការរៀបចំខ្លួនឱ្យបានសមស្របនិងនីតិវិធីក្នុងការទទួលបានហិរញ្ញប្បទាន ពីធនាគារជាពិសេសកម្ចី ពីធនាគារដៃគូរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា ក្នុងនាម លោកអភិបាលខេត្ត និងក្នុងនាមលោកផ្ទាល់ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់សហគ្រាសធុនតូចនិងមធ្យមដែលមានវត្តមានក្នុងអង្គសិក្ខាសាលានេះ នឹងទទួលបានចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងអាជីវកម្មឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕ ដោយ:PK