22/08/22 15:22 PM
កំពង់ចាម៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីបើកយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានថ្លែងឱ្យដឹងថា៖ ប្រព័ន្ធសន្ដិសុខសង្គម គឺជាប្រព័ន្ធគាំពារមួយដែលបង្កើតដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ដែលនេះជាគោលនយោបាយដ៏ល្អឥតខ្ចោះ ក្នុងការការពារបងប្អូនប្រជាពលរដ្ឋចាប់ពីពេលដែលចាប់កំណើតរហូតដល់ស្លាប់។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងបញ្ជាក់ថា៖ វដ្ដនៃជីវិត គឺគ្មាននរណាម្នាក់អាចគេចផុតឡើយ ហើយការកើត ចាស់ ឈឺ ស្លាប់ នេះ ប.ស.ស. បានចូលរួមយ៉ាងសំខាន់ក្នុងការជួយសម្រាលនូវទុក្ខលំបាក នៃជីវភាពរស់នៅក្នុងសង្គមរបស់បងប្អូន ដោយ ប.ស.ស. បានចូលខ្លួនអនុវត្តចាប់តាំងពីពេលដែលចាប់កំណើត ដោយមានរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលអាចឱ្យបងប្អូនជាសមាជិក ប.ស.ស. ទៅពិនិត្យផ្ទៃពោះ សម្រាកមាតុភាព ព្យាបាលជំងឺ ឬគ្រោះថ្នាក់ផ្សេងៗ ជាមួយការទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ និងការទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផងដែរ នៅពេលសម្រាកលំហែមាតុភាព។
ដោយឡែកនៅពេលដែលបងប្អូនជាសមាជិក ប.ស.ស. ចូលដល់វ័យចំណាស់ រាជរដ្ឋាភិបាលនៅតែបន្តការគាំពារ ដោយបានបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលបាននឹងកំពុងធ្វើការផ្សព្វផ្សាយនាពេលនេះ។ បន្ថែមលើសពីនេះ នៅចុងបញ្ចប់នៃជីវិត គឺសេចក្ដីស្លាប់ ក៏ ប.ស.ស. នៅតាមផ្ដល់នូវប្រាក់វិភាជន៍បូជាសព ដើម្បីចាត់ចែងធ្វើបុណ្យសពតាមប្រពៃណី ក៏ដូចជាការផ្ដល់នូវអត្ថប្រយោជន៍ផ្សេងៗជូនអ្នកដែលរស់នៅក្នុងបន្ទុក ទៅតាមផ្នែកនីមួយៗដូចមានកំណត់នៅក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលនេះគឺជាការគាំពារពេញ ១វដ្ដជីវិត ពោលគឺចាប់តាំងពីពេលចាប់កំណេីតរហូតដល់ស្លាប់នេះតែម្ដង។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានថ្លែងទៀតថា៖ យុទ្ធនាការផ្សព្វផ្សាយរយៈពេល ៩០ថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជារបបសន្តិសុខសង្គមថ្មី ទៅកាន់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យឯកជនទាំងអស់ ឱ្យទទួលបានការយល់ដឹងអំពីនីតិវិធី លក្ខខណ្ឌ និងការទទួលបានអត្ថប្រយោជន៍តាមរយៈរបបសន្តិសុខសង្គមថ្មីមួយនេះ។
ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល បានអំពាវនាវទៅដល់ ថៅកែ ឬម្ចាស់សហគ្រាស គ្រឹះស្ថានទាំងអស់ ជាពិសេសបងប្អូនកម្មករនិយោជិត ព្យាយាមយកចិត្តទុកដាក់ក្នុងការអនុវត្តកាតព្វកិច្ចរបស់ខ្លួន ដើម្បីចូលរួមលើកកម្ពស់ប្រព័ន្ធសន្ដិសុខសង្គម ដែលជាប្រព័ន្ធការពារខ្លួន ប្រកបដោយការពេញចិត្ត។
ក្នុងឱកាសជាមួយគ្នានេះ លោកជំទាវ ប៉ាង ដានីអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះគោលនយោបាយដ៏ល្អបំផុតមួយនេះ ដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់វិស័យឯកជននេះ គឺជាជំហានថ្មីមួយទៀត ដែលជាជំហានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមពេញលេញនៅកម្ពុជា និងជាចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមមួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនគ្រប់ក្រុមគោលដៅ និងជាពិសេសការបង្ការហានិភ័យខ្ពស់ នៃការធ្លាក់ចូលក្នុងភាពក្រីក្រ នៅពេលចូលដល់វ័យចាស់ជរា ដែលនេះជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺពលរដ្ឋមានវ័យចំណាស់៕
ពិធីផ្សព្វផ្សាយខាងលេីមានការអញ្ជេីញចូលរួមដោយអភិបាលក្រុង-ស្រុក មន្ទីរ- អង្គភាពជុំវិញខេត្ត និងតំណាងស្ថាប័ន និយោជក សហគ្រាស គ្រឹះស្ថាន សរុបប្រមាណជា ៤០០នាក់ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។