អភិបាលស្រុកមង្គលបូរី តម្លៃស្រូវបច្ចុប្បន្នតម្លៃថយចុះ ព្រោះលក់ទិញតម្លៃស្រេចតែមាត់ឈ្មួញ


ត្រលប់ក្រោយ

23/08/22 12:47 PM

ចំនួនទស្សនា៖

242

ប្រភព៖

បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រសៀលថ្ងៃទី២២ ខែសីហាឆ្នាំ ២០២២ ម្សិលមិញនេះ នៅសាលាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលមានរបៀបវារៈមួយចំនួនរួមមាន៖ ការងារត្រៀមបង្ការគ្រោះទឹកជំនន់ ការងារជួយសង្គ្រោះស្រូវបងប្អូនប្រជាពលរដ្ឋ វឌ្ឍនភាព ការគ្រប់គ្រងដីតំបន់បីនៃតំបន់បឹងទន្លេសាប និងការវាស់វែងដីជូនប្រជាពលរដ្ឋអាស្រ័យផល និងការងារដោះស្រាយទំនាស់ដីធ្លីនិងការកាត់ឆ្វៀលដី។ 


មានប្រសាសន៍ក្នុងិច្ចប្រជុំនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លើកឡើងថា៖ ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងខេត្តបន្ទាយមានជ័យ យើងសង្កេតឃើញមានតំបន់មួយចំនួនកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង ធ្វើឲ្យដំណាំស្រូវរបស់បងប្អូនប្រជាកសិករយើងមួយចំនួន កំពុងប្រឈមនូវការលិចលង់ ដូចនេះតម្រូវឲ្យអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធទាំង០៣ប្រភេទចូលរួមសហការ ជួយច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋដែលជាកាតព្វកិច្ច របស់យើងទាំងអស់គ្នាត្រូវធ្វើនិងជួយសង្គ្រោះ។


ឯកឧត្តម អភិបាលខេត្ត បន្តថា៖ តាមស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នាពេលបច្ចុប្បន្ននេះ នៅមិនទាន់មានភាពធ្ងន់ធ្ងរនៅឡើយ តែអ្វីសំខាន់គឺយើងដែលជាអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំងអស់គឺ ត្រូវត្រៀមបំរុង នូវកម្លាំង សម្ភារៈ និងមធ្យោបាយ ពេលទឹកជំនន់ ដើម្បីជួយចុះច្រូតស្រូវប្រជាពលរដ្ឋពេលទឹកជំនន់លិចលង់ អាជ្ញាធរមូលដ្ឋានសហការជាមួយមន្ទីរធនធានទឹកធ្វើការបើកមុខទឹក និងមន្ទីរសុខាភិបាលខេត្តត្រៀមបង្ការបញ្ហាផ្សេងៗ ដូចជាថ្នាំបង្ការពេលប្រជាពលរដ្ឋមករកទីទួលសុវត្ថិភាព មន្ទីរសុខាភិបាលនិងមន្ទីរអប់រំយុវជននិងកីឡា បន្តជំរុញការចាក់វ៉ាក់សាំងកូវីដ១៩ ដល់សិស្សានុសិស្សឱ្យបានគ្រប់ដូស ព្រោះថាជំងឺឆ្លងកូវីដ១៩ នៅមិនទាន់ផុតរលត់ឆ្ងាយពីយើងនៅឡើយ។


ចុងក្រោយឯកឧត្តមអភិបាលខេត្ត អ៊ុំ រាត្រី ក៏បានសង្កត់ធ្ងន់ទៅលើមន្ទីរអង្គភាពមួយចំនួនបំពេញការងារ ស្នូលរបស់ខ្លួននៅលំៗ អែលៗ ពុំបានល្អ មានការយឺតយ៉ាវ មិនយកចិត្តទុកដាក់បើនិយាយឲ្យខ្លីទៅគឺ កន្ទេលធំសម្ងំដេក គឺដេកលក់តែម្ដង ។


ក្នុងកិច្ចប្រជុំនេះផងដែរ លោក រ័ត្នដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានលើកឡើងផងដែរថា ៖បញ្ហាតម្លៃស្រូវបង្កើនរដូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរី ពីដើមខែនៃការប្រមូលផលឃើញថាតម្លៃស្រូវបានថ្លៃគួរសម អាចទូទាត់លើថ្លៃជី ថ្លៃប្រេងភ្ជួររាស់ ដែលអាចមានតុល្យភាពនិងគ្នាទទួលយកបាន។ តែបច្ចុប្បន្ននេះតម្លៃស្រូវមានការថយចុះ ព្រោះថាការទិញលក់គឺសម្រេចទៅលើមាត់ឈ្មួញអ្នកឱ្យតម្លៃតែប៉ុណ្ណោះ៕បន្ទាយមានជ័យ,២៣/០៨/០២២=ណុប-រក្សា(២៩០១៦)



dd
Bottom Ad