24/08/22 11:30 AM
(ស្វាយរៀង): នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការអនុវត្តវិធានការរដ្ឋបាលជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍វ៉ៃគោ ជំហានទី២ ។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាស្ត្រវ៉ៃគោជំហានទី២នេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលសម្រាប់ស្តុកទឹកប្រើប្រាស់ និងស្រោចស្រពដីស្រែប្រជាពលរដ្ឋរាប់ម៉ឺនហិចតា។ កន្លងមក ក្រុមការងារអន្តរក្រសួងដោះស្រាយផលប៉ះពាល់សហការជាមួយអនុគណៈកម្មការខេត្ត និងអាជ្ញាធរពាក់ព័ន្ធបានធ្វើការសម្របសម្រួលទូទាត់សំណងផលប៉ះពាល់តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលបានចំនួន៤៦៣គ្រួសាររួចហើយ។
ដោយឡែកមានប្រជាពលរដ្ឋចំនួន៤គ្រួសារ ដែលបានអាស្រ័យផលលើដីសាធារណៈរបស់រដ្ឋក្នុងអាងទឹកកំពង់ជ្រៃ មិនព្រមទទួលយកការដោះស្រាយតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបង្កឱ្យមានការរាំងស្ទះដល់ការអនុវត្តគម្រោង។
ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរ និងអ្នកពាក់ព័ន្ធត្រូវចុះណែនាំដល់ប្រជាពលរដ្ឋទាំង៤គ្រួសារឱ្យបានយល់ និងទទួលយកតាមការដោះស្រាយរបស់គណៈកម្មការអន្តរក្រសួង។
ទន្ទឹមនោះឯកឧត្តមបានដាក់បទបញ្ជាដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធត្រូវសហការបង្ករលក្ខណៈគ្រប់បែបយ៉ាងដើម្បីដោះស្រាយចំពោះប្រជាពលរដ្ឋទាំង៤គ្រួសារខាងលើ មុននិងឈានដល់ការអនុវត្តវិធានការរដ្ឋបាល ដើម្បីក្រុមហ៊ុនអនុវត្តលើការងារសាងសង់តាមផែនការ និងធានាគុណភាព៕ ដោយ:PK