24/08/22 13:40 PM
ស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២នេះ នៅសាលប្រជុំ អគារ(ឃ) សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ បានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរសម្រេចបាននូវលទ្ធផលល្អជាច្រើនទាំងការងារអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេសការការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមជូនដល់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់អាជ្ញាធរពាក់ព័ន្ធនូវចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.អភិបាលក្រុង/ស្រុក អាជ្ញាធរពាក់ព័ន្ធត្រូវជម្រុញដល់ប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នាទៅតាមពេលវេលានឹងទីតាំងដែលរដ្ឋបាលខេត្តបានកំណត់។
២.ពិធីប្រណាំងទូកនៅទន្លេវ៉ៃគោក្រុងស្វាយរៀងនិងប្រព្រឹត្តទៅនៅថ្ងៃទី២៩-៣០ខែតុលា ឆ្នាំ២០២២ខាងមុខ ដូច្នេះរដ្ឋបាលខេត្តត្រូវរៀបចំគណៈកម្មការ/អនុគណៈកម្មការអុំទូកដេីម្បីឲ្យពិធីនោះប្រព្រឹត្តទៅដោយរលូននិងទទួលបានភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត។
៣.អាជ្ញាធរក្រុង ស្រុក ត្រូវពិនិត្យនិងបង្ក្រាបរាល់អាជីវកម្មល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ ដោយធានានូវភូមិឃុំមានសុវត្ថិភាព។
៤. គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខណៈក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ ឫគ្រោះថ្នាក់សង្គមផ្សេងៗដែលកើតមានឡើងក្នុងរដូវវស្សានេះ។
៥.អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តការបង្ក្រាបបទល្មើសគ្រឿងញៀនដូចជាការជួញដូរ និងចែកចាយជាដើម។ ទន្ទឹមនោះ កម្លាំងមានសមត្ថកិច្ចជាពិសេសគោលដៅចរាចរណ៍ផ្លូវគោកត្រូវធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ ដេីម្បីកាត់បន្ថយអំពេីល្មេីសផ្សេងៗ ជាពិសេសគ្រោះថ្នាក់នៅលេីដងផ្លូវ។
៦. អាជ្ញាធរពាក់ព័ន្ធត្រវពិនិត្យនិងហាមឃាត់រាល់សំណង់អនាធិបតេយទាំងដែលគ្មានច្បាប់ ត្រូវសុំច្បាប់ជាមុន មុនដំណេីរការសាងសង់អ្វីមួយ ។ ជាមួយគ្នានេះត្រូវខិតខំជម្រុញដល់កិច្ចការងារក្នុងការកំណត់ផ្ទៃច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្ត ទៅតាមជំហាននីមួយៗ ដើម្បីឈានទៅសម្រេចលទ្ធផល និងធ្វើការស្តាផ្លូវទឹកឡើងវិញទុកសម្រាប់កូនចៅជំនាន់ក្រោយ ។
៧. អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវសហការផ្សព្វផ្សាយនិងជូនដំណឹងដល់ប្រជាពលរដ្ឋអំពីការបង់ពន្ធផ្សេងៗជូនរដ្ឋ ស្របតាមពេលវេលានិងកាលបរិច្ឆេទដែលអគ្គនាយកដ្ឋានពន្ធដាបានជូនដំណឹង។