25/08/22 12:26 PM
ស្វាយរៀង៖ នាព្រឹកព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តមម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែលដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនក្រោមមូលបទ "ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម" ស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនេះមាន ឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង លោក លោកស្រីប្រតិភូអាជ្ញាធរមីន ឯកឧត្ដមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងឯកឧត្តមអភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកអភិបាល អភិបាលរងក្រុងស្រុកទាំង៨ លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីកងកម្លាំងប្រតិបត្តិករបោសម្អាតមីន ក្រុមប្រឹក្សាឃុំថ្នាធ្នង់ មេភូមិ អនុភូមិ លោក លោកស្រីដែលពិការក្នុងសម័យសង្គ្រាមជាច្រើននាក់ទៀត។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា ជំនួសមុខឱ្យរដ្ឋបាលខេត្តស្វាយរៀង សូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្ដមាន ឯកឧត្តមទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោក លោកស្រី ព្រមទាំងកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃផ្ដល់កិត្ដិយសអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីសំណេះសំណាលដ៏មានសារៈ-សំខាន់នាពេលនេះ និងអគុណចំពោះអាជ្ញាធរមីនកម្ពុជា ដែលបានរៀបចំឲ្យមានពិធីសំណេះសំណាលនៅថ្ងៃនេះ ដែលមិនត្រឹមតែបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា ចំពោះសុខទុក្ខរបស់កងកម្លាំងប្រតិបត្ដិករបោសសម្អាតមីនរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏ជាការលើកទឹកចិត្ត ផ្ដល់នូវកម្លាំងចិត្តដល់យើងទាំងអស់គ្នាពីគ្រប់ភាគីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាពុះពារសម្រេចនូវបេសកកម្មជាតិដ៏មានសារៈសំខាន់ គឺការបោះសម្អាតសំណល់ជាតិផ្ទុះឲ្យអស់ពីក្រោមដី ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសម្រេចគោលដៅឈានទៅប្រកាសខេត្ដស្វាយរៀង ជាខេត្ដអស់មីននាពេលខាងមុខ ហើយដែលនេះក៏ជាការផ្សព្វផ្សាយពីការចាប់ផ្ដើមអនុវត្តនូវគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដល់ភាគីពាក់ព័ន្ធ សាធារណជន និងប្រជាពលរដ្ឋ បានជ្រាប និងចូលរួមគាំទ្រអនុវត្តផងដែរ ។
ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមប្ដេជ្ញាគាំទ្រ និងចូលរួមសហការយ៉ាងពេញទំហឹងជាមួយកម្លាំងអាជ្ញាធរមីន កម្លាំងប្រតិបត្ដិករបោសសម្អាតមីន ស៊ីម៉ាក់ និងក៏អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ សូមសហការផ្ដល់ព័ត៌មាន អំពីទីតាំងទាំងនោះ ដល់អាជ្ញាធរដែនដី កម្លាំងបោសសម្អាតមីន ដើម្បីយើងរៀបចំផែនការធ្វើការបោសសម្អាត ប្រមូលយកទៅកម្ទេចចោល សំដៅធានាផ្ដល់សុវត្ថិភាពដល់ការប្រើប្រាស់ដី និងស្នើឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ចសហការឲ្យពេញលេញ ដល់កម្លាំងប្រតិបត្ដិករបោសសម្អាតមីនស៊ីម៉ាក់ ដែលកំពុងអនុវត្ដក្រោមគម្រោង សម្ដេចតេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម» ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមផែនការ ដែលបានគ្រោងទុក ។