25/08/22 13:29 PM
ខេត្តកណ្តាល៖ ថ្លែងក្នុងកិច្ចប្រជុំការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាល បានមានប្រសាសន៍ថា៖ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីឆ្នើម ក្នុងវិស័យទឹកស្អាតននិងអនាម័យប្រកបដោយបរិយាបន្ន គឺក្នុងគោលបំណងលើកកម្ពស់សមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំស្ត្រីនៅកម្ពុជា។
លោកស្រីបានបន្តថា៖យោងតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥របស់ក្រសួងកិច្ចការនារី និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤បានកំណត់ថា រាជរដ្ឋាភិបាលនិងបន្តលើកកម្ពស់តួនាទីស្ត្រី តាមរយៈការបង្កើនសមាមាត្រ និងការពង្រឹងសមត្ថភាពស្ត្រីក្នុងជួរថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោកស្រីបានសំណូមពរដល់សិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ត្រង់ត្រាបស្តាប់ កត់ត្រា និងចូលរួមមតិអោយបនផុលផុស ដើម្បីយើងរួមគ្នាក្នុងការចែករំលែក ផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋអោយបានយល់ដឹងទូលំទូលាយ និងរួមគ្នាដើម្បីលើកកម្ពស់ការអនុវត្តកម្មវិធីលើកកម្ពស់ភាពជាអ្នកដឹកនាំស្ត្រីឆ្នើម ក្នុងវិស័យទឹកស្អាត និងអនាម័យប្រកបដោយបរិយាបន្ន ក្រោមកិច្ចសហការរវាងមន្ទីរកិច្ចការនារីខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាមួយអង្គការវ័តធឺអេដ (water Aid)។
ក្នុងឱកាសនោះ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានថ្លែងថ៖កិច្ចប្រជុំនាពេលនេះគឺផ្តោតលើភាពជាអ្នកដឹកនាំរបស់ស្ត្រីលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។ ហើយសម្រាប់ខេត្តកណ្តាល គឺវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពិតជាមានមោទនភាព សម្រាប់លទ្ធផលដែលសម្រេចបានក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ ដែលក្នុងនោះការជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ខេត្តកណ្ដាល ឆ្នាំ២០២២ តែម្ដង ដែលរហូតមកដល់ថ្ងៃនេះអត្រា នៃខ្នងផ្ទះមានបង្គន់ អនាម័យប្រើប្រាស់សរុបមានចំនួន ៩៩.៨០ភាគរយ ហើយខ្នងផ្ទះនៅសល់ ០.២០ភាគរយ ជាគ្រួសាររស់នៅ លើដីសាធារណៈ និងលើទឹកប៉ុណ្ណោះ។
លោកស្រីបានបន្ថែមថា៖ចំពោះការងារលើកកម្ពស់សមត្ថភាពដល់ស្ត្រីលើវិស័យទឹកស្អាត និងអនាម័យនេះ ខេត្តកណ្តាលអាចធ្វើបានល្អ ព្រោះថា យើងមានមូលដ្ឋានដែលជាស្ត្រីធ្វើលើការងារនេះនៅតាមថ្នាក់រដ្ឋបាលនីមួយៗ រួចហើយ នៅឡើយតែការពង្រឹងពួកគាត់បន្ថែមប៉ុណ្ណោះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ខេត្តបានមានប្រសាសន៍ថា៖ចំពោះគោលបំណងកិច្ចប្រជុំថ្ងៃនេះ គឺបង្កើនការចូលរួមរបស់ស្ត្រីនៅក្នុងវិស័យទឹកស្អាត និងអមនាម័យ ហើយរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងខ្លាំង ចំពោះការបញ្ជ្រាប សមភាពយេនឌ័រគ្រប់វិស័យដោយមានចែងនៅក្នុងគោលនយោបាយ ផែនការយុទ្ធសាស្ត្រជាតិជាដើម។
លោកជំទាវបានបន្តថា៖ ដើម្បីឱ្យការងារទទួលបានជោគជ័យ ទាមទារឱ្យមានការចូលរួមទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល អង្គការដៃគូ វិស័យឯកជន ភាគីពាក់ព័ន្ធនានា ទើបធ្វើឱ្យស្ថានភាពមានការប្រសើរឡើងបន្ថែមទៀត។
លោកជំទាវបានបន្ថែមថា៖ ភាពជាអ្នកដឹកនាំរបស់ស្រ្តីមានសារៈសំខាន់ណាស់ក្នុងការពង្រីក និងកែលម្អគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ពីព្រោះស្ត្រីមានការឧស្សាព្យាយាម មានភាពអត់ធ្មត់ និងការនិយាយស្តីមានភាពទន់ភ្លន់ទាក់ទាញជាងបុរស ដែលអំណោយផលក្នុងការធ្វើឱ្យឆាប់មានការផ្លាស់ប្តូរឥរិយាបទ ជាពិសេសការប្រើប្រាស់បង្គន់ ការលាងដៃនឹងសាប៊ូ និងហូបទឹកមានសុវត្ថិភាព។យោងលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បង្ហាញថា ចំនួនស្ត្រី ៩៣% យល់ស្របថា ស្ត្រីអាចជាអ្នកដឹកនាំល្អ ច្រើនជាងបុរសមានតែ៣៨%។