26/08/22 11:10 AM
ខេត្តព្រះសីហនុ៖ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចេញបទបញ្ជា ដោយកំណត់ឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ស្រាវជ្រាវលើករណីការទិញលក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ ។
យោងលើស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលដឹកនាំដោយ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការមួយចំនួនរួមមាន៖
១.គណៈបញ្ញាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដោយមានឯកឧត្ដមព្រះរាជអាជ្ញា ជាអ្នកដឹកនាំការស្រាវជ្រាវ និងសម្របសម្រួលនីតិវិធី ពាក់ព័ន្ធនឹងការទិញ-លក់ ពលកម្មការជួញដូរ ការបង្ខាំង និងត្រូវចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសតាម ច្បាប់ឱ្យបានធ្ងន់ធ្ងរជាដាច់ខាត។
២.ចំពោះទីតាំងដែលជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិតមកផ្ដន្ទា ទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មាន ការលើកលែងឡើយ។
ដោយឡែក ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ ពលកម្ម ការជួញដូរ និង ការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្រ្ដខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធនឹងអនុវត្តឱ្យ បានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឬសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្ដន្ទាទោស តាមច្បាប់ឱ្យខានតែបាន៕