26/08/22 11:22 AM
(ស្វាយរៀង): នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានដាក់ពង្រាយកម្លាំងបោសសម្អាតមីននៅខេត្តស្វាយរៀង ក្រោមការគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម”។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងថា បន្ទាប់ពីទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អាជ្ញាធរមីន បានពង្រាយកងកម្លាំងបោសសម្អាតមីនរបស់ស៊ីម៉ាក់ក្នុងខេត្តចំនួន ៥ ដើម្បីប្រកាសជាខេត្តអស់មីន រួមមាន ខេត្តកំពង់ចាម កំពង់ឆ្នាំង តាកែវ កំពត និងខេត្តស្វាយរៀង ក្នុងទំហំផ្ទៃដីមានមីនប្រមាណ ៣១គីឡូម៉ែត្រក្រឡា។
ឯកឧត្តមបន្តទៀតថា ការងារបោសសម្អាតមីននៅខេត្តស្វាយរៀង នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១១ខែ ចាប់ពីខែសីហា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ដើម្បីប្រកាសខេត្តស្វាយរៀង ជាខេត្តអស់មីន ដែលត្រូវបោសសម្អាតក្នុងទំហំផ្ទៃដីមានមីន ១២,៣៨ គីឡូម៉ែត្រក្រឡា ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើសុំឲ្យកងកម្លាំងបោសសម្អាតមីនស៊ីម៉ាក់ ត្រូវធ្វើការបោសសម្អាត និងកំទេចគ្រាប់មីនឲ្យអស់ពីទឹកដីខេត្តស្វាយរៀង ដើម្បីផ្តល់ដីសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ លោកទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានរបស់អង្គភាពស៊ីម៉ាក់ ដែលជាប្រតិបត្តិករដោះមីនជាតិដ៏ឆ្នើម ចូលរួមផ្តល់សុខសុវត្ថិភាព និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈការងារបោសម្អាតមីន។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្រ្តីរាជការ អ្នកដោះមីន និងបងប្អូនមានពិការភាពទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កលក្ខណះងាយស្រួល និងផ្តល់កិច្ចសហការឲ្យបានពេញលេញ ដល់កម្លាំងបោសសម្អាតមីនរបស់អង្គភាពស៊ីម៉ាក់ ដែលកំពុងអនុវត្តន៍គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន នៅទឹកដីខេត្តស្វាយរៀង ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យតាមផែនការ៕ ដោយ:PK