30/08/22 14:33 PM
(ស្វាយរៀង)៖ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងស្វាយរៀង បានថ្លែងថា ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងស្វាយរៀងក៏ដូចជាក្នុងនាមអាជ្ញាធរ សូមលើកទឹកចិត្តដល់វិស័យវិនិយោគឯកជនទាំងអស់នៅខេត្តស្វាយរៀង ដែលមានបំណងចង់វិនិយោគលើវិស័យអចលនទ្រព្យមានដីធ្លី ផ្ទះល្វែងដែលមានតម្លៃសមរម្យ នៅក្រុងស្វាយរៀង ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្តស្វាយរៀង។
ការថ្លែងបែបនេះរបស់ឯកឧត្តម ជុក មុន្នី បានធ្វើឡើងនៅក្នុងពិធីក្រុងពាលីសុំទឹក សុំដី សុំជោគ សុំជ័យ សិរីសួស្តី ក្នុងការបុកគ្រឹះសាងសង់ផ្ទះល្វែង ស្ថិតភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។
ឯកឧត្តម ជុក មុន្នី បានបន្តថា អាជ្ញាធរតែងតែជំរុញ និងសហការ ក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍហើយរាល់ការវិនិយោគ វិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយ កាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋានមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
លោក រៀម សុីណា ដែលជាម្ចាស់គម្រោងផ្ទះល្វែង សូមស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលចូលរួមនៅក្នុងកម្មវិធីក្រុងពាលី ក្នុងការបុកគ្រឹះសាងសង់ផ្ទះល្វែងនេះផងដែរ។
លោកបានបន្តថា ការសាងសង់ផ្ទះល្វែងនេះមិនមែនសាងសង់សម្រាប់ធ្វើអាជីវកម្មទេ គឺជាការចែករំលែក និងផ្សព្វផ្សាយកេរ្ត៍ឈ្មោះនៃគម្រោង អ្វីដែលគម្រោងយើងគិត គឺទៅលើក្តីសុបិន្ត និងគោលដៅរបស់អតិថិជន ប្រកបដោយសុខដុមរមនា ឬប្រកបអាជីវកម្មទទួលបាននូវភាពជោគជ័យ សំខាន់គឺផ្តល់នូវតម្លៃសមរម្យ និងលក្ខខ័ណ្ឌងាយៗជូនចំពោះអតិថិជនសម្រាប់ជាការរស់នៅ ការធ្វើអាជិវកម្ម និងការទិញទុកចំណេញ។
លោកបានបន្ថែមថា ចំពោះផ្ទះល្វែងនេះ អិតថិជនអាចចំណេញបាន២ដង គឺចំណេញពេលទិញ និងចំណេញពេលលក់(នេះសម្រាប់បងប្អូនដែលរកស៊ីលើវិស័យអចលនទ្រព្យ)។
លោកបានលើកឡើងចំនួន៣ចំណុចសំខាន់ ទី១៖ ទីតាំងដែលមានសត្តានុពលមានស្រាប់ មានដូចជាផ្លូវ អគ្គិសនី និងទឹកស្អាត។ ទី២៖ គុណភាពសំណង់ សម្រាប់គម្រោងផ្ទះល្វែងនេះគូសប្លង់ និងតាមដានការសាងសង់ដោយវិស្វករ និងស្ថាបត្យកម្ម ដែលមានជំនាញច្បាស់លាស់ដែលកំពុងធ្វើការនៅក្នុងស្ថាប័នរដ្ឋ។ ទី៣៖ រយៈពេលសាងសង់ចន្លោះចាប់ពី៤ខែ ទៅ៦ខែតែប៉ុណ្ណោះ ។
ហើយគម្រោងមានក្រុមទីប្រឹក្សាលក់ជាច្រើននាក់ចាំជួយផ្តល់ប្រឹក្សា និងព័ត៌មានលំអិតជូនភ្ញៀវកិត្តិយសដោយភាពទន់ភ្លន់ និងរួសរាយរាក់ជានិច្ចផងដែរ៕ ដោយ:PK