ថ្នាក់ដឹកនាំខេត្តស្វាយរៀង ចុះពិនិត្យទីតាំងចេតិយ៍ ០១កន្លែង (ប្រាសាទវត្តទួល) ដើម្បីសិក្សារៀបចំទៅជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌


ត្រលប់ក្រោយ

31/08/22 12:04 PM

ចំនួនទស្សនា៖

545

ប្រភព៖

ស្វាយរៀង

(ខេត្តស្វាយរៀង): នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យទីតាំងចេតិយ៍ ០១កន្លែង (ប្រាសាទវត្តទួល) ដែលបានសាងសង់ក្នុងអំឡុងឆ្នាំ១៩៦៨ ស្ថិតនៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ដើម្បីសិក្សារៀបចំទៅជាតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ ។ 


លោក អ៊ុង សារិន អាយុប្រមាណជាង៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀងបានឲ្យដឹងថា: អ្នកកសាងចេតិយ៍នេះត្រូវជា អ៊ំុ របស់គាត់ឈ្មោះ អ៊ុង សាវុធមានឋានៈជាឧត្តមសេនីយ៍ត្រីក្នុងសម័យលន់ ណុល រស់នៅរាជធានីភ្នំពេញ បានកសាងនៅឆ្នាំ១៩៦៨ ហើយបានយកជាងដែលជាអ្នកសាងសង់ធ្វើវិមានឯករាជ្យ យកមកធ្វើចេតិយ៍ហ្នឹងរូបចម្លាក់រចនាបថនេះ គឺស្រដៀងនឹងវិមានឯករាជ្យទាំងអស់ រហូតដល់សង្គ្រាមឆ្នាំយៀកកុងចូលកំឡុងឆ្នាំ១៩៧០ ជាងសាងសង់បានរត់រប៉ាត់រប៉ាយចោលទាំងអស់ ដោយបានបន្សល់ទុកនៅក្បាច់ក្បូរនៅទីនេះទាំងអស់។


លោកបានបន្តថា កាលនោះចេតិយ៍ធ្វើមិនទាន់ហើយទេ គម្រោងរបស់គាត់ចាក់សាបក្នុងខឿននោះ តែមិនទាន់បានចាក់សាបផង ហើយស៊ីម៉ង់ដែលបានទិញទុកចោលពេញហ្នឹង ដល់ពេលសង្គ្រាមមកដល់គាត់ក៏រត់ចោល ជាងក៏រត់ចោលដោយបន្សល់ទុកនូវរបស់របរពេញហ្នឹង ហើយគំរោងរបស់គាត់គឺធ្វើផ្លូវចាក់ថ្មគ្រួស បន្តចាប់ពីផ្លូវលេខ១៣ រហូតដល់ចេតិយ៍តែម្ដង។


លោកបានក៏បានទៀតថា: គម្រោងគាត់នៅពេលធ្វើហើយនឹងធ្វើបុណ្យឆ្លងចេតិយ៍ តែមិនទាន់បានឆ្លងទេក្រោយមករូបលោកនឹងបងប្អូនកូនចៅនៅភ្នំពេញ បានចូលគ្នាយកស៊ីម៉ង់មកចាក់សាបបំពេញខឿន ហើយរូបតោដែលនៅជុំវិញចេតិយ៍បានបាត់បង់អស់ ហើយពីព្រោះក្នុងសម័យប៉ុលពតត្រូវបានគេ វាយកម្ទេចចោលខ្ទេចខ្ទីរអស់ទាំង បង្កាន់ដៃសងខាងក៏ខ្ទេចខ្ទីរអស់ ហើយឥឡូវនេះបានជួសជុលបានស្អាតឡើងវិញ។


ដោយឡែកស្ត្រីចំណាស់ឈ្មោះ ព្រាប សាមឿន មានអាយុប្រមាណ៧០ឆ្នាំ ក៏បានរៀបរាប់ឱ្យដឹងផងដែរថា: កាលដើមឡើយនៅទីនេះគឺជាទីទួលរូបគាត់ កើតមកឃើញតែម្ដង ហើយទីទួលនេះ ក៏មានព្រះសង្ឃគង់នៅផងដែរ ដោយមានកុដតូចៗ និងសាលាឆាន់សម្រាប់ឲ្យព្រះសង្ឃគង់នៅស្នាក់អាស្រ័យ រៀនធម៌អាថ៌ហើយនៅជុំវិញកន្លែងនេះ ក៏មានប្រជាពលរដ្ឋធ្វើស្រែចំការធម្មតា គឺស្រែជម្រៅ មានរូបរៀននិងមានផ្លូវចូលស្រដៀងនិងប្រាសាទអង្គរវត្តផងដែរ៕ ដោយ:PK



dd
Bottom Ad