31/08/22 12:07 PM
(ខេត្តស្វាយរៀង)៖ មានការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដី និងកែលម្អផ្លូវដី ក្រាលថ្មបំបែក ចំនួន៩ខ្សែ ក្នុងឃុំចំនួន០៨ នៃស្រុកស្វាយទាប គឺមានការដេញថ្លៃបែប ប្រកាប់ ចាក់ ដោយ ក្រុមហ៊ុនអ្នកដេញថ្លៃគេហៅថា (បែកគម្រោង) ដោយដាក់សំណើដេញថ្លៃនោះ ទម្លាក់តម្លៃទាបរហូតក្រោម៦០% គម្រោងខ្លះទៀតទម្លាក់តម្លៃទាបរហូត៧០% អ្នកជំនាញលើកឡើងថា "ពិបាកជឿជាក់ ថាទទួលបានផ្លូវថ្នល់ល្អ ដែលមានគុណភាពណាស់" សូមឲ្យម្ចាស់គម្រោង និងមន្ត្រីលទ្ធកម្មខេត្ត មេត្តាចុះត្រួតពិនិត្យដំណើរការរបស់ក្រុមហ៊ុនដែលទទួលការ អនុវត្តគម្រោង ដើម្បីធានានូវគុណភាពតាមស្តង់ដា បច្ចេកទេសនិងកិច្ចសន្យា។
ចំពោះការដាក់ដេញថ្លៃនេះធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៨ព្រឹក នៅតាមសាលាឃុំទាំង០៨ នៃស្រុកស្វាយទាប។ ហើយមន្ត្រីលទ្ធកម្មបានលើកឡើងថា: នេះជាលើកដំបូងហើយដែលក្រុមហ៊ុន ចូលរួមដាក់សំណើរដេញថ្លៃ ទម្លាក់តម្លៃទាបទាបរហូតក្រោម៦០%ទៅ៧០% គឺមិនធ្លាប់មានកន្លងមក។
មន្ត្រីលទ្ធកម្ម បានឲ្យដឹងទៀតថា: ការដាក់ដេញថ្លៃគម្រោងជួសជុលផ្លូវដី និងកែរលម្អផ្លូវដីក្រាលថ្មបំបែក នេះមាន០៨ឃុំ គឺ៖
១. ឃុំស្វាយរំពារ គម្រោងកែលម្អផ្លូវដី ក្រាលថ្មបំបែក ប្រវែង ២,៤០៦ម៉ែត្រ ទទឹង ៣,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោង១ តម្លៃប៉ាន់ស្មាន ១៥៧,៩១១,១០០រៀល។ ក្រុមចូលដាក់សំណើរ១៦ក្រុមហ៊ុន លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ៤០,៩០២,០០០រៀល។
២. ឃុំសំបួរ គម្រោងកែរលម្អ ផ្លូវក្រាល បេតុងអាមេ ប្រវែង៣៩៥ម៉ែត្រ ទទឹង៤,៥ម៉ែត្រនិងស្លាកគម្រោង១ តម្លៃប៉ាន់ស្មាន ២០០,៦៤១,៦៧៤រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផលបានទៅលើក្រុមហ៊ុន សូសាវឿន ដាក់តម្លៃ ៩៥,៩៨៥,០០០រៀល តម្លៃទាបក្រោម៥០% ។
៣. ឃុំកណ្តៀងរាយ គម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង ៤៥២ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន២២៩,៥៩៤,០៣៥រៀល។ មាន៥ ក្រុមហ៊ុនដាក់ដេញសំណើរដេញថ្លៃ តែលទ្ធផល ត្រូវបានឆាចោល ដោយសារមានភាពរញ៉េរញ៉ៃនឹងមិនមានភាពប្រក្រតី ទើបមន្ត្រីលទ្ធកម្មស្នើសុំឆាគម្រោងនេះចោល។
៤. ឃុំរមាំងថ្កោល គម្រោងកែលម្អផ្លូវដីក្រាលថ្មបំបែក ប្រវែង១,០៧៧ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ៧៣,៣៥៦,១៩៨រៀល ។មាន៧ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ សាវឿន ដាក់តម្លៃ ១៨,៣០៩,០០០រៀល (តម្លៃទាបអាចទទួលយកបាន) តម្លៃទាបក្រោម៦០%។
*ឃុំរមាំងថ្កោល គម្រោងជួសជុលផ្លូវដី១ខ្សែប្រវែង ២,៨០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងដាំស្មៅតាមជើងទេផ្លូវ តម្លៃប៉ាន់ស្មាន ៩១,៥៨៤,៧៦៦រៀល ។ មាន៨ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន ព្រាប រដ្ឋា ដាក់តម្លៃ ៣៩,២០០,០០០រៀល តម្លៃទាបអាចទទួលយកបាន (តម្លៃទាបក្រោម៥០%)។
៥. ឃុំប្រសូត្រ គម្រោងកែលម្អរ ផ្លូវបេតុងអាមេ ប្រវែង៣៦៩ម៉ែត្រ ទទឹង៤,៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ១៨៧,៦០២,៣១៩រៀល ។ មាន០៨ក្រុមហ៊ុនដាក់សំណើរ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៩៩,៦៣០,០០០រៀល តម្លៃទាបអាចទទួលយកបាន។
៦.ឃុំពពែត គម្រោងកែលម្អផ្លូវក្រាលថ្មបំបែក ប្រវែង ២,៧៦៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ និងស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ២០០,៩៥៤,៨១៨រៀល។មាន១៤ក្រុមហ៊ុនដាក់សំណើរ លទ្ធផលបានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៥១,១៧១,០០០រៀល ដាក់តម្លៃទាបក្រោម៧០% ។
៧. ឃុំមនោរម្យ កម្រោងកែលម្អផ្លូវក្រាលបេតុងអាមេ ប្រវែង៣១៤ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ស្លាកសញ្ញា១ តម្លៃប៉ាន់ស្មាន ១៧៦,៨៥១,០០២រៀល។មាន០៧ក្រុមហ៊ុន ដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន
សូ ចាន់រ៉ា ដាក់តម្លៃ ៨៤,៧៨០,០០០រៀល ដាក់តម្លៃទាបក្រោម៥០%។
៨,ឃុំគគីរសោម គម្រោង កែកម្អផ្លូវក្រាលថ្មបំបែក ប្រវែង៣,៦៣៦ម៉ែត្រ ទទឹង៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ តម្លៃប៉ាន់ស្មាន ២៥១,៩៣៣,០០៤រៀល។ មាន១៤ក្រុមហ៊ុនដាក់សំណើរដេញថ្លៃ លទ្ធផល បានទៅលើក្រុមហ៊ុន សូ ចាន់រ៉ា ដាក់តម្លៃ ៦១,៨១២,០០០រៀល (ដាក់តម្លៃទាបបំផុតក្រោម ៧០%)។
ដោយសារតែរឿងនេះហើយដែលអ្នកជំនាញបច្ចេកទេស មានការព្រួយបារម្ភៈ អំពីគុណភាណផ្លូវ ដោយក្រុមហ៊ុនទទួលការដាក់ដេញតម្លៃទាបបំផុតដែលមិនធ្លាប់មានពីមុនមក។
ចំណែកមហាជនបានលើកឡើងថា: គេឃើញ ការដេញថ្លៃគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវ ថ្នល់ លូបង្ហូទឹក ដែលរាជរដ្ឋាភិបាលបានដាក់ឲ្យមកថ្នាក់ក្រោមជាតិ ឃុំ/សង្កាត់ គឺមានបញ្ហាប្រឈម គ្មានសមធម៌ ដោយមានក្រុមហ៊ុនជាច្រើនមកពីក្រៅខេត្ត ក្នុងខេត្ត មកចូលរួមដាក់សំណើរដេញថ្លៃ គឺខុសប្រកតី គឺដេញថ្លៃខាងក្រៅ ទាថ្លៃទឹកតែ ប្តូមិនដាក់សំណើរ គឺចាប់ពី១លានរៀល រហូត២០លានរៀលក្នុង១ ក្រុមហ៊ុន បើពុំដូច្នោះទេ គឺដេញកាប់ចាក់គ្នាទម្លាក់តម្លៃទាបចាប់ពីក្រោម៥០% រហូតដល់៧០%។
មហាជនក៏សំណូមពរសូមឲ្យ ក្រសួងមហាផ្ទៃ ផ្តល់អ្នកជំនាញបច្ចេកទេស និងមន្ត្រីលទ្ធកម្មចុះអធិការកិច្ច លើគម្រោងជួសជុលកែលម្អផ្លូវនៅស្រុកស្វាយផងព្រោះខ្លាចធ្វើហើយមិនបានប៉ុន្មានត្រូវខូចទៅវិញ៕ ដោយ:PK