ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងចូលកាន់មុខតំណែង អភិបាល នៃគណ:អភិបាលស្រុកសំបូរ


ត្រលប់ក្រោយ

01/09/22 14:47 PM

ចំនួនទស្សនា៖

205

ប្រភព៖

ក្រចេះ

ក្រចេះ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋបាលស្រុកសំបូរ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណ:អភិបាលស្រុកសំបូរ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកំលាំងទាំងបី មេឃុំនិងស្មៀនឃុំ ជាច្រើនរូប។   យោងតាមអនុក្រឹត្យលេខ ៦៤៧អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ សម្រេចតែងតាំង លោក គង់ មេត្តា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៤ ជាអភិបាល នៃគណ:អភិបាលស្រុកសំបូរ។  


លោក គង់ មេត្តា ដែលទេីបទទួលតំណែងជាអភិបាលស្រុកថ្មី មានចំណាប់អារម្មណ៍ និងសម្តែងនូវក្តី កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់កិត្តិយស និងទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលស្រុក ដើម្បីចូលរួមចំណែកលើកកំពស់ប្រសិទ្ធិភាពការងារ ពិសេសការអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងការផ្តល់សេវាសាធារណៈ អនុវត្តគោនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាព និងការរីកចម្រើនលើគ្រប់វិស័យ ។ ជាការតបស្នងទៅនឹងទំនុកចិត្តក្នុងការប្រគល់ភារកិច្ចថ្មីនេះ លោកអភិបាលស្រុកសំបូរថ្មី បានប្តេជ្ញាថា៖

១-ប្តេជ្ញាគោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ

២-ខិតខំ និងយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តអោយបានជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងដំណាក់កាលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល

៣-ខិតខំរៀនសូត្រពង្រឹងនិងបង្កើនសមត្ថភាពបន្ថែម ដើម្បីអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

៤-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សានិងគណ:អភិបាល

៥-ប្តេជ្ញាពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

៦-រក្សាសាមគ្គីភាពផ្ទៃក្នុង គណ:អភិបាលក្រុមប្រឹក្សា និងមន្ត្រីក្រោមឪវាទរដ្ឋបាលស្រុក ពង្រីកកិច្ចសហការល្អជាមួយបណ្ដាមន្ទីរនានា។


ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ថា៖ សមិទ្ធផលនានាក្នុងស្រុកទាំងអស់ ដែលលោក សូម សារិត អតីតអភិបាលស្រុកបានរាយការណ៍ នៅពេលនេះគឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ស្រុក និងមន្ទីរអង្គភាពជំនាញ ដែលមានក្នុងខេត្តទាំងអស់ ហើយកិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ។



ឯកឧត្តម វ៉ា ថន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលរដ្ឋបាលស្រុកសម្រេចបាននាពេលកន្លងមក ដែលជាការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការធានាបាននូវ និរន្តរភាព ប្រក្រតីភាព នៃស្ថាប័នជាតិ និងរដ្ឋបាលសាធារណៈនានា។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ លោកអភិបាលស្រុកថ្មីដែលទើបទទួលតំណែងត្រូវបន្តរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ ពង្រឹងការទំនាក់ទំនងល្អជាមួយ មន្ទីរអង្គភាពជំនាញ រដ្ឋបាលក្រុង រដ្ឋបាលឃុំ សង្កាត់ និងភូមិ សំដៅលើកកំពស់ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យកាន់តែមានគុណភាព តម្លាភាព និងប្រសិទ្ធិភាព។  



ជាមួយគ្នានេះ ឯកឧត្តម សូមអោយកងកម្លាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារសំខាន់ដូចជា-ត្រូវបន្តថែរក្សានិងពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណ: និងចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល។ -បន្តអនុវត្តវិធានការប្រយុទ្ធនិងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់ដែលបណ្ដាលមកពីវិបត្តិនៃជំងឺនេះ -ពង្រឹងការគ្រប់គ្រង និងការការពារធនធានធម្មជាតិ -ការផ្ដល់សេវាសាធារណ: គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់របស់ថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយឆ្លើយតបនិងសំណូមពរតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ -កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងជំរុញអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការអោយកាន់តែស៉ីជម្រៅ -ការដឹកនាំ ការគ្រប់គ្រងនិងរបៀបរបបការងាររបស់រដ្ឋបាលស្រុក -ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី០៥។



dd
Bottom Ad